ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News
ភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីសម្តេចបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។
ថ្នាក់ដឹកនាំអាស៊ាន និងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនោះ ក៏មានការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕





