សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមន្ត្រីតាមបណ្ដាខណ្ឌយកគំរូតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការចុះប្រមូលសំរាម និងរៀបហេដ្ឋារចនាសម្ព័ន្ធដែលមិនត្រឹមត្រូវដែលពលរដ្ឋសាងសង់នៅតាមមូលដ្ឋាន និងអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
សម្តេចធិបតី បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា (លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ) ឃើញចុះធ្វើច្រើន បាលូសំអាតសំរាម ហើយក៏មានការចូលរួមពីខណ្ឌផ្សេងៗ បន្តធ្វើទៀតទៅអាណឹង ហើយខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផង កន្លែងខ្លះឃើញគាត់បារលូហើយឥលូវមកវិញទៀតសំរាម បារអត់អស់ទេសំរាម ហើយនេះសម្រាប់សុខភាពបងប្អូនប្រជាពលរដ្ឋទេ សូមចូលរួមគ្នាដើម្បីការពារ»។
សម្ដេចធិបតីក៏បានរំលឹកឡើងវិញគ្រាដែលបានបើកដំណើរការសាកល្បងឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានចូលលេងកម្សាន្តរាប់ម៉ឺននាក់ តែមិនមានសំរាមរាយប៉ាយនោះឡើយ ដោយប្រជាពលរដ្ឋបានទុកដាក់សំរាមបានត្រឹមត្រូវ និងបានជួយថែរក្សាបរិស្ថានបានល្អ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បរិស្ថានស្អាត គឺបានផ្តើមចេញពីយើងម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចថារង់ចាំតែអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូលសំរាម ទើបធ្វើឱ្យស្អាតបាននោះទេ គឺយើងត្រូវតែចូលរួមរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា ដែលនេះហើយគឺជាកិច្ចការសំខាន់មួយផ្នែករឿងសុខភាពផងដែរ។
សូមបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន បច្ចុប្បន្នរាជធានីភ្នំពេញមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលទទួលខុសត្រូវលើការប្រមូល និងដឹកជញ្ជូនសំរាម។ ក្រុមហ៊ុនទាំងនេះបានចូលរួមប្រកួតប្រជែងគ្នា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែទម្រង់លើការគ្រប់គ្រង និងដឹកជញ្ជូនសំរាមពីក្រុមហ៊ុនតែមួយដាច់មុខកាលពីមុន។ បរិមាណសំរាមដែលប្រមូល បាននៅរាជធានីភ្នំពេញបានកើនឡើងគួរឱ្យកត់សម្គាល់។ កាលពីមុន ការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែប្រមាណ ៣,០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន បរិមាណសំរាមបានកើនឡើងរហូតដល់ ៤,១០០តោនក្នុងមួយថ្ងៃ៕
