ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ចំពោះកិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី នៅថ្ងៃនេះ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្រ្តាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានមានមោទនភាពចំពោះគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដែលបានចូលរួមក្នុងដំណើរការនេះ ដើម្បីបង្ហាញជំហររបស់កម្ពុជាតាមរយៈច្បាប់ ការទូត ការសន្ទនា និងមធ្យោបាយសន្តិវិធី។

ឯកឧត្តម បានថ្លែងថា៖«ការចូលរួមក្នុងយន្តការផ្សះផ្សាមិនមែនជាការបង្កើនភាពតានតឹងទេ ប៉ុន្តែជាការប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីដែលមានចែងក្នុង UNCLOS»។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនត្រឹមតែការចូលរួមក្នុងកិច្ចប្រជុំមួយនោះទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើសរើសការទូតជំនួសការបង្កើនភាពតានតឹង។ នេះក៏ស្របនឹងជំហរដែលកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចក្នុងការស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith របស់ភាគីពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង៖ ការចូលរួមក្នុងដំណើរការដោយស្ថាបនា ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាពដែលអាចវាស់វែងបានឆ្ពោះទៅរកដំណោះស្រាយ។
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា៖«កិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរអង្វែងសម្រាប់ប្រទេសជិតខាងទាំងពីរ»៕





