រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានវាយសន្ធាប់ទៅលើតំបន់មួយចំនួន នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ខណៈព្យាយាមឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែនក្នុងការប្រយុទ្ធដណ្ដើមតំបន់ Donbas និងការពារតំបន់នេះពីវាយប្រហារនៅជុំវិញទីក្រុងយុទ្ធសាស្ត្រអ៊ីហ្ស៊ូម (Izium) ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី។

នៅជំនួបក្នុងប្រទេសអាល្លឺម៉ង់ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅថា សម្ព័ន្ធយោធាណាតូបាននិយាយថា ប្រទេសអ៊ុយក្រែនអាចឈ្នះសង្គ្រាម ដោយអំពាវនាវឲ្យមានការគាំទ្រខាងយោធាបន្ថែមទៀត និងអនុម័តឲ្យបានលឿននូវសំណើរបស់ហ្វាំងឡង់ និងស៊ុយអែតក្នុងការចូលជាសមាជិកសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ អ៊ុយក្រែនបានទទួលជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈដោយបង្ខំឲ្យមេបញ្ជាការរបស់រុស្ស៊ីបោះបង់ចោល ការរុលទៅមុខក្នុងការដណ្ដើមយករដ្ឋធានី Kyiv មុនពេលវាយបណ្ដេញកងទ័ពរុស្ស៊ីយ៉ាងឆាប់រហ័សចេញពីទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន។
ការលុកលុយរបស់ទីក្រុង Moscow ដែលខ្លួនហៅថាជា "ប្រតិបត្តិការសឹកពិសេស" ដើម្បីរំសាយអាវុធអ៊ុយក្រែន និងការពារវាពីពួកហ្វាស៊ីសនិយមបានធ្វើឲ្យរង្គោះរង្គើដល់សន្តិសុខអឺរ៉ុប។ ទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ការអះអាងអំពីបញ្ហាហ្វាស៊ីសនិយមគឺជាលេសគ្មានមូលដ្ឋានរបស់រុស្ស៊ី ដើម្បីឆ្លៀតឱកាសចូលលុកលុយប្រទេសដែលពុំបានបង្កហេតុណាមួយទាល់តែសោះ៕
អត្ថបទ៖ សុខមាន