ភ្នំពេញ៖ កិច្ចប្រជុំបិទទ្វាររយៈពេល ៣ថ្ងៃ រវាងគណៈកម្មការផ្សះផ្សា (Conciliation Commission) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ភាគីកម្ពុជា និងភាគីថៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃពុធ (ទី១៦ ខែកញ្ញា ឆ្នាំ២០២៦) នៅប្រទេសសិង្ហបុរី។
ឯកឧត្តម ប្រាក់ សុខុន (Prak Sokhonn) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាភ្នាក់ងារតំណាងរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមការងារផ្នែកច្បាប់របស់កម្ពុជាចូលរួមកិច្ចប្រជុំនេះ។
ចំណែកគណៈប្រតិភូថៃត្រូវបានដឹកនាំដោយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ខណៈដែលលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា គឺជាអ្នកដឹកនាំគណៈកម្មការនេះ។ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) បានដើរតួនាទីជាស្ថាប័នទទួលបន្ទុកផ្នែករដ្ឋបាល។
កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ។
ភាគីកម្ពុជា បានផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំនេះបន្ទាប់ពីថៃបានលុបជាឯកតោភាគីនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌទ្វេភាគី ដែលគេស្គាល់ថា ជា MOU-2001 ដែលបានបម្រើជាមូលដ្ឋាន សម្រាប់ការចរចា ជុំវិញការទាមទារដែនសមុទ្រត្រួតស៊ីគ្នា រវាងប្រទេសទាំង២ អស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។
ដោយប្រកាន់ខ្ជាប់នូវគោលជំហរដែលថា ជម្លោះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនាថា កម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។ វិធានការនេះ មានគោលបំណងការពារអធិបតេយ្យភាពជាតិ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ៕

