សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទាន់បានចុះហត្ថលេខាណាមួយប្រគល់ទឹកដីឲ្យប្រទេសណានោះទេ ខណៈយោធាថៃបាននិងកំពុងរំលោភលើដែនអធិបតេយ្យភាពកម្ពុជានោះ គឺកម្ពុជាកំពុងខិតខំប្រឹងប្រែងតស៊ូតវ៉ាយកមកវិញឲ្យខាងតែបានដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ជនរួមជាតិថា កម្ពុជាមិនបានបាត់បង់ទឹកដីនោះទេ ប៉ុន្តែ គ្រាន់តែបាត់បង់ការគ្រប់គ្រងផ្នែកខ្លះប៉ុណ្ណោះ ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគេមិនគោរពតាមកិច្ចព្រមព្រៀងនេះ ហើយគេរំលោភយកដោយឯកតោភាគី តែយ៉ាងណារាជរដ្ឋាភិបាលបាននិងកំពុងធ្វើការតវ៉ា។
សម្ដេចធិបតី បានបញ្ជាក់ថា រឿងទឹកដីយើងមិនដែលភ្លេចទេ ការដោះស្រាយមិនដែលភ្លេចសូម្បីមួយវិនាទី។ រាល់ថ្ងៃមេទ័ព និងកងទ័ពយើងនៅឈរជើងនៅជួរមុខដើម្បីការពារជាតិ ទឹកដី បើនិយាយថាបាត់ទឹកដីទាល់តែរដ្ឋាភិបាលស៊ីញ៉េឯកភាព តែមកដល់ពេលនេះ មិនមានការស៊ីញ៉េឯកភាពនោះទេ។ អ្វីដែលឯកភាពជាមួយថៃ មកទល់ពេលនេះ គឺមានតែអនុសញ្ញា និងសន្ទិសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ប៉ុណ្ណោះ។ យើងមិនទាន់មានការស៊ីញ៉េឯកភាពគ្នាណាទៀតលើព្រំដែនទឹក និងគោកទេ។ JBC ចុះធ្វើការ២០ឆ្នាំ បានឯកភាពគ្នាលើបង្គោលព្រំដែនមួយចំនួន ប៉ុន្តែមិនទាន់បានផ្ទៀងផ្ទាត់ឡើងវិញនូវខ្សែព្រំដែនដែលបានវាស់តាំងពីឆ្នាំ១៩០៧នោះទេ។ អត់មានខ្សែព្រំដែនថ្មីដែលត្រូវធ្វើទេ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ហើយសម្តេចបានប្រកាសថាដីដែលបានបាត់ការគ្រប់គ្រងនោះ នឹងត្រូវយកវិញឲ្យខាងតែបានដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ បើទោះបីជាប្រើប្រាស់ពេលវេលាបន្តិចក៏ដោយ ដើម្បីបញ្ជៀសការស្លាប់មនុស្ស៕
