សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ជាថ្មីឱ្យបិទបញ្ជី Online Scams និងល្បែងភ្នាល់លើអនឡាញ កុំឱ្យងើបឡើងវិញ ខណៈដែលកម្ពុជាកំពុងទទួលបានការសរសើរពីលទ្ធផលនៃការបង្ក្រាបប្រកបដោយប្រសិទ្ធភាពពីអន្តរជាតិ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យហ្លួង ម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យកម្ទេច Online Scams និងល្បែងស៊ីសងតាមអនឡាញ ដើម្បីបញ្ចប់ហានិភ័យដែលនាំឱ្យប៉ះពាល់ដល់ជាតិ និងប្រជាជន ព្រោះកម្ពុជាមិនអាចពឹងផ្អែកលើសេដ្ឋកិច្ចកាស៊ីណូ ឬអនឡាញស្គែមទេ។ កម្ពុជា មានសេដ្ឋកិច្ចផ្សេងទៀតច្រើនណាស់។
សម្ដេចធិបតី បានបញ្ជាក់ថា ធ្វើទៅ ខ្ញុំជាអ្នកបញ្ជា និងទទួលខុសត្រូវ។ ពេលចុះប្រតិបត្តិការមានអ្នកណារករឿង ខ្ញុំអ្នកការពារ តែកុំទៅធ្វើបាបគេ ទៅអនុវត្តត្រឹមត្រូវដើម្បីបម្រើប្រទេសជាតិរបស់យើង។ បិទបញ្ជីមួយដើម្បីកុំឱ្យហានិភ័យ។ ធ្វើការងារនេះបន្តទៀត អត់ថយក្រោយទេ ខ្ញុំនិយាយឱ្យច្បាស់។ អ្នកខ្លះថាធ្វើខែ៤ ចប់ខែ៦ អត់ទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យឡើងវិញដែរចំពោះកាស៊ីណូ ដែលបច្ចុប្បន្នមានជាង១០០ក្នុងប្រទេសកម្ពុជា ថាតើវាការចាំបាច់ត្រូវមានច្រើនដូច្នេះទេ?។ សម្ដេចបានបញ្ជាក់ថា ការបង្កើតឱ្យមានកាស៊ីណូនៅតាមព្រំដែន ដើម្បីទាញសកម្មភាពផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ តែដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត៕

