សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ ការប្រើប្រាស់មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកពីសំណាក់ប្រជាពលរដ្ឋកម្ពុជា បានកើនដល់៨០ភាគរយ ដោយសារការផ្ដល់សេវា២៤ម៉ោង និងការបង្កើនសម្ភារបរិក្ខារវេជ្ជសាស្ត្រ ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យហ្លួងម៉ែ នាថ្ងៃទី១៦ ខែកញ្ញា នេះ បានបញ្ជាក់ថា កំណើននៃការប្រើប្រាស់មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុកកើនឡើងដោយសារមានពេទ្យគ្រប់ គុណភាពសេវា ថ្នាំ សម្ភារ ក៏ត្រូវបានបង្កើន ពិសេសគឺតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស បណ្ណសមធម៌សង្គម ដែលមកដល់ពេលនេះគឺមានទាំងបរិមាណទីតាំងមណ្ឌលសុខភាព និងគុណភាព។
សម្ដេចធិបតី បានបញ្ជាក់ថា ខ្ញុំសុំឱ្យបន្តពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក ពេទ្យខេត្ត និងតំបន់របស់យើងឱ្យកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅនឹងកន្លែងតែម្ដង នេះហើយគឺជាវិធានការពង្រឹងមូលដ្ឋាន ដែលយើងបានដាក់ចេញ។ មូលដ្ឋានត្រូវរឹងមាំ ទើបមានភាពធន់។ ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពអាចធានាបាន មានពេទ្យគ្រប់ មានគុណវុឌ្ឍិគ្រប់គ្រាន់ មានឧបករណ៍សម្ភារ មានវិធីសាស្ត្រសង្គ្រោះបន្ទាន់នៅនឹងកន្លែងគ្រប់គ្រាន់ទៅតាមកម្រិតនៃការព្យាបាល មានសមត្ថភាពបញ្ជូនលឿន។
សម្ដេចធិបតី បានរំឭកថា កាលពីឆ្នាំ២០២៤-២៥ មុនផ្ទុះសង្គ្រាម សម្ដេចបានផ្ដល់ថវិកា១៨លានដុល្លារ សម្រាប់ពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក៦១កន្លែង ដើម្បីធ្វើការសង្គ្រោះបឋម ហើយជាលទ្ធផលកន្លែងទាំងនោះបានធ្វើហើយ។ ការវះកាត់កើនឡើង២៤,៨ភាគរយ ហើយករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់ថយចុះ១១ភាគរយ បានន័យថា ការផ្ដល់សេវាទាន់ពេល បានឆាប់៕
