កំណត់ត្រាជាលើកដំបូង នៃវត្តមានសត្វកម្រជិតផុតពូជ ៣ប្រភេទ ក្នុង​​តំបន់ការពារ និងអភិរក្ស នៃ​ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ប្រទេសកម្ពុជា

2026/09/16 05:12:57 pm        138

កំណត់ត្រាជាប្រវត្តិសាស្រ្តដំបូងបំផុតសម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុងមាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ មានប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។ រូបថតនិងវីដេអូជាច្រើនត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី (FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។

កំណត់ត្រាដំបូងទាំងនេះគឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្សប្រភេទសត្វក្នុងចំណោមប្រភេទសត្វថនិកសត្វថ្នាក់ធំដែលរងការគំរាមកំហែងនៅតំបន់ឥណ្ឌូចិន។ នៅប្រទេសកម្ពុជា សត្វក្ដាន់ ត្រូវបានគេរកឃើញជាថ្មី នៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មីរបស់ប្រភេទនេះគឺជាព័ត៌មានដ៏គួរឲ្យរំភើបរីករាយ។

ស្រដៀងគ្នានេះដែរ កំណត់ត្រាថ្មីរបស់សត្វភេរោមច្រមុះ គឺជាកំណត់ត្រាដ៏មានសារៈសំខាន់។ សត្វភេរោមច្រមុះគឺជាប្រភេទកម្របំផុតនៅក្នុងពិភពលោក ហើយប្រភេទសត្វនេះមានវត្តមានតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ មានគេស្គាល់តិចតួចណាស់អំពីប្រភេទនេះ ហើយក៏ពុំអាចសន្និដ្ឋានដឹងបានដែរថា តើវានៅចំនួនប៉ុន្មានក្នុងធម្មជាតិ។ អ្វីដែលកាន់តែគួរឲ្យសោកស្តាយជាងនេះទៅទៀតនោះ គឺចំនួនរបស់ពួកវាហាក់ដូចជាកំពុងថយចុះ ដោយសារកត្តាគំរាមកំហែងមួយចំនួនដូចជា ការបាត់បង់ជម្រក ការបំពុលបរិស្ថាន និងការប្រមាញ់ខុសច្បាប់។ ដោយឡែកនៅកម្ពុជា កំណត់ត្រាអំពីភេរោមច្រមុះនាពេលកន្លងមក មានប្រភពមកពីព្រៃលិចទឹកនៅបឹងទន្លេសាប និងព្រៃកោងកាងតាមដងស្ទឹងក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលមន្ទីរបរិស្ថានខេត្តពាក់ពន្ធ និង FCEE កំពុងធ្វើការសិក្សាស្រាវជ្រាវ និងតាមដានវត្តមាន និងចំនួនរបស់ប្រភេទសត្វនេះ។

ចំនួនសត្វសំពោចធំមានការថយចុះយ៉ាងគំហុកជាសកល ក៏ប៉ុន្តែប្រទេសកម្ពុជាទំនងជាមានចំនួនសត្វនេះច្រើនជាងគេ ព្រោះកម្ពុជាមានដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី ជាទីជម្រកចុងក្រោយមួយដែលមានសក្ដានុពលសម្រាប់ប្រភេទសត្វនេះ។ អ្វីដែលកាន់តែគួរឲ្យរំភើបជាងនេះទៅទៀតនោះគឺ កំណត់ត្រាលើកដំបូងនៃសត្វសំពោចធំ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង គឺថតជាប់ជាគ្រួសារមួយដែលមាន មេចំនួន ១ក្បាល និងកូនចំនួន ២ក្បាល ដែលជាកំណត់ត្រាដ៏កម្រ និងជាភស្តុតាងដែលបញ្ជាក់អំពីការបង្កាត់ពូជ។

លោកស្រី Vanessa Herranz Muñoz នាយិកា FCEE មានប្រសាសន៍ថា៖ បេសកកម្មរបស់យើងខ្ញុំគឺផ្តោតលើព្រៃកោងកាងតំបន់ខ្ពង់រាប និងព្រៃស្មាច់ក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ដើម្បីស្វែងរកប្រភេទសត្វកម្រដូចជា សត្វសំពោចធំ និងសត្វភេរោមច្រមុះ ដែលជាការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងផ្តល់ជាទិន្នន័យសម្រាប់សកម្មភាពអភិរក្សជីវៈចម្រុះក្នុងតំបន់នោះ។ ការរកឃើញសត្វទាំង ៣ប្រភេទនេះ គឺជាលទ្ធផលគួជាទីមោទនៈ។កំណត់ត្រាជាលើកដំបូងទាំងនេះ បានផ្ដល់ក្ដីសង្ឃឹមជាថ្មីម្ដងទៀតសម្រាប់ការអភិរក្សប្រភេទសត្វថនិកសត្វដ៏កម្រ ដែលងាយរងគ្រោះថ្នាក់ខ្លាំងឈាន ទៅរកការផុតពូជ។ វត្តមានរបស់ប្រភេទសត្វខាងលើ ជាការជំរុញដល់ដំណើរការអភិរក្សឲ្យកាន់តែមុតមាំបន្ថែមទៀត ចំពោះជម្រកសត្វលើដីជុំវិញប្រព័ន្ធព្រែកស្រែអំបិល។

លោក Chee Yoong, Woo មន្រ្ដីសម្របសម្រួលផ្នែកប្រភេទសត្វនៃអង្គការ IUCN បានលើកឡើងថា៖ សម្រាប់សត្វភេរោមច្រមុះ ការរកឃើញប្រភេទសត្វដែលកម្រ និងពូកែលាក់ខ្លួនដូចជាសត្វភេរោមច្រមុះនេះ គឺជារឿងគួរឲ្យរំភើបរីករាយខ្លាំងណាស់។ កំណត់ត្រានេះផ្តល់បន្ថែមភស្តុតាងថា កម្ពុជាជាទីជម្រកដ៏សំខាន់មួយក្នុងសកលលោកសម្រាប់ប្រភេទសត្វនេះ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល បានមានប្រសាសន៍ថា៖ ជាង២៥ឆ្នាំមកនេះអគ្គនាយកដ្ឋានជលផលបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិរក្សផ្សេងទៀត ដើម្បីការពារជីវៈចម្រុះដ៏ពិសេសប្លែកនៃតំបន់ទេសភាពស្រែអំបិល។ លោកបានបន្ថែមទៀតថា៖ ការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង បានរួមចំណែកដល់ការស្តារឡើងវិញ និងការអភិរក្សប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកល ដូចជា សត្វអណ្តើកហ្លួង និងសត្វក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុត។ កំណត់ត្រាថ្មីៗអំពីប្រភេទថនិកសត្វទាំងនេះ បានពង្រឹងបន្ថែមនូវសារៈសំខាន់ថ្នាក់ជាតិ និងអន្តរជាតិ នៃតំបន់ដីសើមស្រែអំបិល ព្រមទាំងបង្ហាញថា ការវិនិយោគប្រកបដោយចីរភាពលើការការពារជម្រកសត្វ ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន នៅតែបន្តផ្តល់នូវលទ្ធផលអភិរក្សដ៏មានអត្ថន័យ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប និងឆ្នេរសមុទ្រដ៏មានសារៈសំខាន់ សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមតំបន់ឆ្នេរដ៏មានសារៈសំខាន់ដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក ដែលជាទីជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេសប្រភេទសត្វកម្រ ដែលបច្ចុប្បន្ននេះទើបប្រទះឃើញប្រភេទសត្វជិតផុតពូជចំនួន ៣ប្រភេទ រួមមាន សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់។

ក្រោមកិច្ចសហការរវាង ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថានខេត្តកោះកុង FCEE សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ សមាជិកសហគមន៍នេសាទក្នុងមូលដ្ឋាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីសិក្សាវត្តមានជីវៈចម្រុះ។ ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងមូលដ្ឋានបង្ហាញថា ប្រជាពលរដ្ឋនៅតំបន់នេះក៏បានស្គាល់ប្រភេទសត្វទាំងនេះមួយចំនួនដែរ។

កំណត់ត្រាប្រភេទថ្មីៗទាំងនេះត្រូវបានរកឃើញនៅក្នុងជម្រកតាមដងព្រែកដែលជាជម្រករបស់ល្មូនតំណាងជាតិកម្ពុជាគឺសត្វអណ្ដើកលួង។ លទ្ធផលនេះបានបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សតំបន់ការពារធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះជិតផុតពូជ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់
2026/09/16 07:19:49 pm        1
អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតំបន់ច្រកបឹងត្រកួន
2026/09/16 07:12:58 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងចូលក្រសួងយុត្តិធម៌ និងក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១)
2026/09/16 07:03:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

2026/09/16 07:19:49 pm
​អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតំបន់ច្រកបឹងត្រកួន
2026/09/16 07:12:58 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងចូលក្រសួងយុត្តិធម៌ និងក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១)
2026/09/16 07:03:10 pm
​ហ្វីលីពីនក្លាយជាប្រទេសនាំចូលអង្ករកម្ពុជាច្រើនជាងគេនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល៨ខែឆ្នាំ២០២៦នេះ
2026/09/16 06:51:14 pm
​ក្រសួងការងារគ្រោងបើកការធ្វើតេស្តជំនាញផ្នែកភេសជ្ជៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នាខែតុលាខាងមុខ
2026/09/16 06:44:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm