កូរ៉េខាងជើង៖ យោងតាមសារព័ត៌មានរដ្ឋឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បាននិយាយថា ការផ្ទុះរាលដាលវីរុស Covid-19 ដ៏ឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងជើង គឺជាគ្រោះមហន្តរាយដ៏ធំបំផុតសម្រាប់ប្រទេសនេះ។

លោក Kim បានអំពាវនាវឲ្យខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការបញ្ឈប់ការឆ្លងរាលដាលវីរុសអំឡុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃសៅរ៍។ លោក Kim Jong Un បញ្ជាឲ្យចល័តកងកម្លាំងយោធាប្រយុទ្ធប្រឆាំងការផ្ទុះរាលដាលនៃ COVID-19 នេះ។ ការអំពាវនាវនេះមានឡើង បន្ទាប់ពីក្រុមមន្ត្រីបានប្រកាសពីករណីឆ្លងលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ទោះបីជាក្រុមអ្នកជំនាញជឿថា វីរុសនេះទំនងជានៅតែកំពុងបន្តឆ្លងរាលដាល។ យោងតាមសារព័ត៌មានរដ្ឋឲ្យដឹងថា ចំនួនអ្នកស្លាប់ផ្លូវការបានឡើងដល់ ៥០នាក់កាលពីថ្ងៃអាទិត្យ ខណៈចំនួនករណីឆ្លងសរុបបានឡើងដល់ជាង ១,២១៣,៥៥០នាក់។ អ្នកជំងឺជាង ៦៤៨,៦៣០នាក់បានជាសះស្បើយ ខណៈដែលយ៉ាងហោចណាស់មានមនុស្សប្រមាណ ៥៦៤,៨៦០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ឬកំពុងទទួលការព្យាបាល។
របាយការណ៍ទាំងនេះពុំបានបញ្ជាក់ថា តើពួកគេបានវិជ្ជមានវីរុស Covid-19 ឬយ៉ាងណាទេ ក្រៅតែពីមនុស្សម្នាក់បានស្លាប់នៅក្នុងរដ្ឋធានី Pyongyang ដែលត្រូវបានបញ្ជាក់ថាជាករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron។ មានក្ដីបារម្ភថា ការផ្ទុះរាលដាលដ៏ខ្លាំងក្លារនេះអាចបណ្ដាលឲ្យមានស្ថានភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រជាពលរដ្ឋចំនួន ២៥លាននាក់របស់ប្រទេសនេះកំពុងប្រឈមស្ថានភាពងាយរងគ្រោះ ដោយសារកង្វះកម្មវិធីចាក់វ៉ាក់សាំង និងមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ៕
អត្ថបទ៖ សុខមាន