ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំង FC Machida Zelvia របស់ជប៉ុន នាម៉ោង ៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ត្រូវនឹងពេលវេលានៅកម្ពុជា ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two) ឆ្នាំ២០២៦/២៧ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ។

នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ រវាងក្រុមជើងឯករងពានលំដាប់ទី៣ ទ្វីបអាស៊ី និងក្រុមជើងឯករងពានលំដាប់ទី១ ទ្វីបអាស៊ី កាលពីរដូវកាលមុន ពិសេសអ្នកគាំទ្រនៅកម្ពុជា ដែលកំពុងទន្ទឹងរង់ចាំតាមដានការប្រកួតដ៏អស្ចារ្យនេះ ស្របពេលោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាងរៀង សង្ឃឹមកូនក្រុមអាចបង្កការលំបាកដល់គូប្រជែងផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew McConkey បានទទួលស្គាល់ និងយល់ច្បាស់ពីភាពខ្លាំងរបស់ Machida Zelvia តែក្រុមខ្លួនបានត្រៀមរួចរាល់ សម្រាប់ការប្រកួតដ៏លំបាកនេះ ហើយក៏សង្ឃឹមក្រុមអាចបង្កការលំបាកដល់ក្រុមម្ចាស់ផ្ទះ ។ បន្ថែមលើនេះ លោកក៏បានឆ្លៀតបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះផងដែរ។
គួរដឹងថា ក្នុងយុទ្ធនាការប្រកួតវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី នេះ ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល G ជាមួយក្លិប Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី ដែលត្រូវចាប់ផ្ដើមការប្រកួតដំបូង នៅថ្ងៃទី១៧ ខែកញ្ញា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីស្វែងរកបេក្ខភាព ២ក្រុមតាមពូលនីមួយៗឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា


