លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន និងលោក Aidil Sharin Sahak គ្រូបង្វឹកក្រុម Kuching City FC របស់ម៉ាឡេស៊ី សុទ្ធតែបានចាត់ទុកការប្រកួតបើកឆាកក្នុងពូល H នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ នារាត្រីថ្ងៃទី១៧ ខែកញ្ញានេះ គឺជាជំនួបដ៏សំខាន់ ដែលត្រូវខំប្រឹងខ្លាំង ដើម្បីទទួលបានជ័យជម្នះរៀងៗខ្លួន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃពុធកន្លងទៅ លោក Oleg Starynskyi រួមទាំងកូនក្រុម សុទ្ធតែរីករាយជាមួយការបោះជំហានមួយកម្រិតទៀតរបស់បាល់ទាត់កម្ពុជា ហើយលោកបានបង្ហាញពីការត្រៀមរួចរាល់ក្នុងជំនួបបើឆាកក្នុងដី ដោយតាំងចិត្តនឹងធ្វើឲ្យបានល្អ ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរលើទឹកដីរបស់ខ្លួន។

ដោយឡែកលោក Aidil Sharin Sahak ក្រៅពីបានស្គាល់ និងរាប់អានជាមួយគ្រូបង្វឹកភ្នំពេញក្រោន លោកក៏បានមើលឃើញពីភាពរីកចម្រើនរបស់គូប្រជែង ជាពិសេសការនាំចូលកីឡាករល្អៗជាច្រើន មកពង្រឹងក្រុម។ យ៉ាងណាលោកផ្ដោតលើកូនក្រុមរបស់ខ្លួនជាងគូប្រជែង ហើយ Kuching City នឹងដាក់លទ្ធភាព ១០០% ក្នុងការប្រកួតដ៏សំខាន់នេះ ដើម្បីទទួលបានជ័យជម្នះត្រឡប់ទៅផ្ទះវិញ។
គួរដឹងថា សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ AFC Champion League Two 2026/27 នេះដែរ ក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូល H ជាមួយក្លិប Gangwon FC របស់កូរ៉េខាងត្បូង, ក្លិប Kuching City របស់ម៉ាឡេស៊ី និងក្លិប Kitchee របស់ចិនហុងកុង ហើយការប្រកួតនឹងធ្វើឡើង ២ជុំដូចគ្នា ដោយត្រូវផ្លាស់ប្ដូរទឹកដីពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមខ្លាំងប្រចាំពូលនីមួយៗឡើងទៅវគ្គបន្ដ៕
អត្ថបទ លី ឈុនឡា
