ទួរគី៖ ប្រមុខការទូតទួរគីបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ត្រូវតែបញ្ឈប់ការគាំទ្រក្រុមភេរវករនៅក្នុងប្រទេសរបស់ពួកគេ ដោយផ្ដល់ការធានាសន្តិសុខច្បាស់លាស់ និងដកបម្រាមនាំចេញលើទួរគី ខណៈប្រទេសទាំង២ នេះព្យាយាមចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។

ថ្លែងបន្ទាប់ពីជំនួបក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធណាតូក្នុងទីក្រុងប៊ែរឡាំង លោក Mevlut Cavusoglu បាននិយាយថា លោកបានជួបសមភាគីស៊ុយអែត និងហ្វាំងឡង់រួចហើយ ហើយយើងទាំងអស់គ្នាកំពុងព្យាយាមដោះស្រាយក្ដីបារម្ភរបស់ទួរគី។ លោកបានបន្ថែមថា ប្រទេសទួរគីមិនគំរាមកំហែងប្រទេសណាមួយ ឬស្វែងរកការពង្រីកឥទ្ធិពលនោះទេ ប៉ុន្តែនិយាយជាពិសេសអំពីការគាំទ្ររបស់ប្រទេសស៊ុយអែត ចំពោះក្រុមសកម្មប្រយុទ្ធឃឺដ PKK ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករដោយប្រទេសទួរគី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ប្រទេសហ្វាំងឡង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួននឹងដាក់ពាក្យសុំចូលជាសមាជិក NATO ហើយស៊ុយអែតត្រូវគេរំពឹងថានឹងធ្វើដូចគ្នានេះ ជាការឆ្លើយតបទៅនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភរបស់ទួរគីអាចបង្កជាឧបសគ្គមួយ ព្រោះការសម្រេចចិត្តណាមួយស្តីពីការពង្រីកខ្លួនរបស់សម្ព័ន្ធយោធាណាតូ ទាមទារការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំង ៣០៕
អត្ថបទ៖ សុខមាន