សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្មនៅកម្ពុជា មានក្រុមហ៊ុន រោងចក្រ ដែលបានចុះបញ្ជីរួច ចំនួន៣,៣៥៧ រោងចក្រសហគ្រាស ហើយបានថ្ពក់កម្លាំងពលកម្មរហូតដល់ជាងមួយលានបីសែននាក់ ដោយក្នុងនោះស្រ្តីស្ទើរតែជិតមួយលាននាក់។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាកផលិតកម្មម៉ាក GACនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រកាសថា វិស័យឧស្សាហកម្មកម្ពុជា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៣៥៧ រោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅតាមបណ្ដារាជធានី ខេត្តទាំង ២៥ របស់កម្ពុជា ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១,៣លាននាក់ ក្នុងនោះស្រ្ដីជាង ៩០ម៉ឺននាក់ ភាគច្រើននៅក្នុងវិស័យកម្មន្តសាល វាយនភណ្ឌ ដែលមានទុនសរុប ២៨ពាន់លានដុល្លារ កើនឡើងជាង ៦ពាន់លានដុល្លារ ស្មើនឹង ២៨,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

សម្ដេចធិបតី បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជា មានរោងចក្រផ្គុំ ដំឡើងរថយន្តចំនួន១៥ ដែលកំពុងដំណើរ ១០ មិនទាន់ដំណើរការ២ និងមានគម្រោងវិនិយោគផ្គុំដំឡើងរថយន្តបីផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ទុន២៤៨លានដុល្លារ ដែលទុនក្នុងស្រុក២៨ភាគរយ និងទុនបរទេស ៧២ភាគរយ បង្កើតការងារ២៧៧៤កន្លែង ដែលជាកន្លែងជំនាញ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបង្ហាញនូវមោទនភាពផងដែរ បន្ទាប់ពីវិស័យឧស្សាហកម្មនៅកម្ពុជាបានមានសន្ទុះឡើងជាបន្តបន្ទាប់ជាក់ស្ដែង, ចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស មានប្រមាណ១២,៦% នៅឆ្នាំ១៩៩៣ ឥឡូវកើនរហូតទៅដល់៤២,៣% ក្នុងឆ្នាំ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យបន្តបន្ទាប់ក្នុងការធ្វើបរិវត្តកម្មវិស័យឧស្សាហកម្មពីឧស្សាហកម្មពឹងផ្អែកចម្បងលើកម្លាំងពលកម្មទៅជាឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាកាន់តែខ្ពស់នោះ៕



