ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជាង ៦ ០៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញតួលេខចំណូលពន្ធនេះ ក្នុងជំនួបជាមួយ ក្រុមបេសកជននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF Staff Mission) ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម ទទួលបន្ទុកប្រទេសកម្ពុជា នៅចុងសប្តាហ៍កន្លងមក។
ចំណែកជុំវិញការប្រមូលចំណូល, ឯកឧត្តមប្រតិភូ លើកឡើងថា,ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងនោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២០ គឺជាឥទ្ធិពលនៃសកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះកំណើនខ្លាំង, រហូតដល់ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារនៅតែសម្រេចបានជាង ១១ ២៦៦ ប៊ីលានរៀល ត្រូវជិត ២៧៨២ លានដុល្លារ ស្មើប្រមាណជាង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។
ដោយឡែកក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ នេះវិញ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង ៦ ០៨២ ប៊ីលានរៀល ត្រូវជាង ១ ៥០១ លានដុល្លារ ដោយស្មើរប្រមាណ ៥៣,២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រូចហើយ, ដូច្នេះនៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា អាចនឹងសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុបន្តទៀត។
សូមបញ្ជាក់ថា៖ ទាក់ទងការប្រមូលចំណូលនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ និងអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើនរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាមអនឡាញបានយ៉ាងរលូន, យន្តការ Cross Check ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព, ការបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធនិងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅធ្វើឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ៕ អត្ថបទ៖ សុន រ៉ាឌី
