ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលមានសុពលភាព។
ក្នុងសេចក្ដីអំពាវនេះ ក៏បានបញ្ជាក់ដែរថា ការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺនឹងបិទបញ្ចប់ត្រឹមថ្ងៃទី ៣ខែមិថុនា ខាងមុខ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់នេះ បានអំពាវនាវឱ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលមានសុពលភាព។
ករណីពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ត្រូវរួសរាន់ទៅស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោត។
ចំពោះការស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះគឺ មានពេលវេលាកំណត់ ដោយនឹងបិទបញ្ចប់នៅថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបញ្ជាក់ឱ្យ ប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឱ្យបានទាន់ពេលវេលា ដោយឥតបង់ថ្លៃ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ៕
អត្ថបទ៖ គឹមហុក

