វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ទីបំផុតស្គាល់ជើងឯកដំបូងក្នុងឆ្នាំ២០២២ នេះក្រោយឈ្នះពាន Rome Masters លើកទី៦ ក្នុងអាជីពថ្ងៃអាទិត្យម្សិលមិញ។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានយកឈ្នះកីឡាករក្រិក Stefanos Tsitsipas ៦-០ និង ៧-៦(៧-៥) នៅវគ្គផ្តាច់ព្រ័ត្រលើទីលានដីក្រហម។

នេះជាជើងឯកពានរង្វាន់ Rome Masters លើកទី៦ ហើយសំរាប់ Novak Djokovic និងពន្លាតកំណត់ត្រាឈ្នះពានក្នុងព្រឹត្តិការណ៍ Masters ច្រើនជាងគេដល់ ៣៨លើក។ Novak Djokovic កាលពីដើមឆ្នាំបានខកខានមិនបានចូលរួមការប្រកួត Grand Slam, Australian Open ដោយសារបញ្ហាវ៉ាក់សាំង និងក្រោយមកបានចូលរួមព្រឹត្តិការណ៍ផ្សេងៗតែឡើងមិនដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ ជ័យជំនះនេះបានជំរុញទឹកចិត្តផងដែរសំរាប់ Novak Djokovic ក្នុងត្រៀមលក្ខណៈសំរាប់ព្រឹត្តិការណ៍ Grand Slam ទី២ ប្រចាំឆ្នាំ French Open រឺក៏ Roland Garros ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ