ភ្នំពេញ៖ បណ្តាក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអណតិ្តទី៤ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអះអាងថា នៅក្នុងមូលដ្ឋានឃុំសង្កាត់របស់ខ្លួនទទួលបានកញ្ចប់គម្រោងអភិវឌ្ឍន៍មូលដ្ឋានជាច្រើនពីរាជរដ្ឋាភិបាល ពីក្រុមការងារចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា និងពីបណ្តាសប្បុរសជននានា ក្នុងការធ្វើផ្លូវកៅស៊ូ ធ្វើប្រឡាយ ដាក់លូបង្ហូរ សម្អាតបរិស្ថាន និងការអភិវឌ្ឍសំណង់ហេដ្ឋានរចនាសម្ព័ន្ធឃុំសង្កាត់នានាទៀត ដើម្បីជម្រុញជីវភាពប្រជាពលរដ្ឋភាពរីកចំរើន។
បើតាមលោក លីវ វណ្ណផេង ប្រធានក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី១៦ ខែឧសភានេះថា នៅក្នុងអណត្តិទី៤ ដែលលោកបាននិងកំពុងដឹកនាំសង្កាត់ព្រែកថ្មី ដែលកើតចេញពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺសង្កាត់របស់លោកបានធ្វើការអភិវឌ្ឍធ្វើពីផ្លូវដីទៅផ្លូវបេតុងបានច្រើនលើសការរំពឹងទុក បើទោះណាគម្រោងអភិវឌ្ឍន៍នោះការអនុវត្តមានការធ្លាក់ចុះបន្តិច នៅក្នុងឆ្នាំ២០២១ ដោយយើងទាំងអស់គ្នាជាប់រវល់ធ្វើការងារប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ នៅក្នុងសហគមន៍។
ដោយឡែក បើតាមលោក គង់ អិត ចៅសង្កាត់ស្វាយរលំ នៅក្នុងទឹកដីខេត្តកណ្តាលវិញថា នៅក្នុងសង្កាត់របស់លោក ក៏ទទួលបានកញ្ចប់គម្រោងអភិវឌ្ឍន៍ច្រើនដែរ ដូចជា ការស្ថាបនាពីផ្លូវដីទៅផ្លូវបេតុង គម្រោងជីព្រែក ដាក់លូ គម្រោងសំអាតបរិស្ថាន សុខភាព ហើយគម្រោងភាគច្រើនយើងទទួលបានឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ពីរដ្ឋបាលសាលាខេត្តកណ្តាល ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជននៅក្នុងមូលដ្ឋាន។
ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប រៀបចំកញ្ចប់គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ទំលាក់ទៅអោយរដ្ឋបាលឃុំសង្កាត់ប្រមាណជាង ១៦០០គម្រោង ហើយគម្រោងអភិវឌ្ឍន៍ភាគច្រើនជាដេញថ្លៃ ស្ថាបនាផ្លូវ ធ្វើទំនប់ និងគម្រោងស្តារប្រឡាយជាដើម ។
ឯកឧត្តម បន្តថា បច្ចុប្បន្ននៅទូទាំងប្រទេសមានឃុំសង្កាត់ប្រមាណជាង ១៦០០ឃុំសង្កាត់ ហើយគ្រប់ឃុំសង្កាត់ដែលទទួលបានគម្រោងអភិវឌ្ឍន៍គឺបានកើតឡើងដោយសារ ពលរដ្ឋនៅតាមឃុំសង្កាត់បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់ រៀបចំគម្រោងដាក់ស្នើទៅរដ្ឋបាលថ្នាក់ជាតិ ដើម្បីស្នើការអភិវឌ្ឍមូលដ្ឋានខ្លួនរបស់ខ្លួន៕អត្ថបទស៊ុម សុខជា