ប៉ូឡូញ៖ ចំនួនមនុស្សដែលចូលមកអ៊ុយក្រែនវិញពីប្រទេសជិតខាងប៉ូឡូញ មានលើសចំនួនអ្នកដែលឆ្លងព្រំដែនក្នុងទិសដៅផ្សេងៗគ្នា ខណៈការប្រែប្រួលស្ថានភាពសង្គ្រាម ជំរុញឱ្យមនុស្សកាន់តែច្រើនដែលជម្លៀសខ្លួនចេញបានវិលត្រឡប់មកវិញ។

អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ប្រជាជនចំនួន ៣.៣១លាននាក់ ឬជាងពាក់កណ្តាលនៃអ្នកដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន បានឆ្លងចូលទៅក្នុងប្រទេសជិតខាងប៉ូឡូញចាប់តាំងពីការវាយលុករបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ អាជ្ញាធរសន្តិសុខព្រំដែនប្រទេសប៉ូឡូញបាននិយាយថា មនុស្សប្រមាណ ១៣៥,០០០នាក់បានឆ្លងចូលមកក្នុងប្រទេសអ៊ុយក្រែន ពីប្រទេសប៉ូឡូញនៅចន្លោះថ្ងៃអង្គារដល់ថ្ងៃសៅរ៍ ខណៈមនុស្សប្រមាណ ១០៥,០០០នាក់បានចូលទៅក្នុងប្រទេសប៉ូឡូញពីអ៊ុយក្រែន។
ក្រុមអ្នកជំនាញបាននិយាយថា មនុស្សកាន់តែច្រើនបានចាប់ផ្តើមត្រឡប់មកអ៊ុយក្រែនវិញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីរដ្ឋធានី Kyiv កាលពីចុងខែមីនា។ ប្រជាជនដែលវិលត្រឡប់មកប្រទេសអ៊ុយក្រែន បានតម្រង់ជួរនៅច្រកត្រួតពិនិត្យព្រំដែនក្នុងទីក្រុង Medyka ភាគអាគ្នេយ៍ប្រទេសប៉ូឡូញ៕
អត្ថបទ៖ ប៊ុនថន