បង់ក្លាដែស៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍កាលពីថ្ងៃចន្ទថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះផ្ទះសម្បែងរាប់ពាន់ខ្នង ក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅទីក្រុងខុកបាហ្សា ប្រទេសបង់ក្លាដែស ដោយបានបំផ្លិចបំផ្លាញជម្រកស្នាក់នៅរបស់ពួកគេទាំងស្រុង និងធ្វើឲ្យអន្តរាយដល់ការរស់នៅរបស់ជនភៀសខ្លួនរាប់ម៉ឺននាក់។

ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ស្នងការជំនួយជនភៀសខ្លួន និងមាតុភូមិនិវត្តន៍បង់ក្លាដែស ក្រុមជួយសង្គ្រោះ និងក្រុមឆ្លើយតបរហ័ស បន្តនៅកន្លែងកើតហេតុកាលពីល្ងាចថ្ងៃចន្ទ ជាកន្លែងដែលពួកគេព្យាយាមគ្រប់គ្រងអគ្គិភ័យ មិនឲ្យរីករាលដាលបន្ថែមទៀត។ លោក អាន់តូនីញ៉ូ វីតូរីណូ អគ្គនាយកអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានរងផលប៉ះពាល់ ដោយសារអគ្គិភ័យមួយនេះ។ លោក វីតូនីណូ និយាយថា លោកពិតជាមានក្តីកង្វល់ខ្លាំងណាស់ ចំពោះផលប៉ះពាល់ដោយសារអគ្គិភ័យនៅថ្ងៃនេះ នៅជំរំខុកបាហ្សា ប្រទេសបង់ក្លាដែស។ លោកបន្តថា ក្រុមការងាររបស់ IOM និងដៃគូរជាច្រើនទៀតកំពុងធ្វើការរួមគ្នាដើម្បីឆ្លើយតបនឹងវិបត្តិ និងធានាឲ្យបានសុវត្ថិភាព និងសុខុមាលភាពរបស់ជនភៀសខ្លួនទាំងអស់។
នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេពីគ្រោះថ្នាក់ ប៉ុន្តែក្តីកង្វល់កើតមានចំពោះអ្នកស្លាប់ និងរងរបួស ហើយមូលហេតុនាំឲ្យអគ្គិភ័យនេះឆាបឆេះឡើង ក៏គេមិនទាន់ដឹងនោះដែរ។ សូមបញ្ជាក់ថា បង់ក្លាដែសបានផ្តល់ទីជម្រកដល់ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ១លាននាក់ ដែលភាគច្រើននៃពួកគេបានរត់ភៀសខ្លួន ចេញពីប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ អំឡុងការបង្ក្រាបយ៉ាងចាស់ដៃពីយោធា។ អង្គការសហប្រជាជាតិបាននិយាយថា ការចាត់វិធានការបោសសំអាតនេះមានបំណងប្រល័យពូជសាសន៍ គឺជាការចោទប្រកាន់មួយដែលសហភាពមីយ៉ាន់ម៉ា បដិសេធន៍ចោលទាំងស្រុង៕
អត្ថបទ៖ សារ៉ាត់