ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិកម្ពុជាទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមថៃឈ្លានកម្ពុជានៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ»នេះ សម្ដេចធិបតី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាព ជូនប្រជាជននៅគ្រប់ដំណាក់កាល។ សម្ដេចក៏សូមអរគុណផងដែរ ចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងការគាំទ្របុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។
សម្ដេចធិបតីមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ អ.ស.ប. បានកំណត់យកមូលបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ស្របគ្នានេះដែរ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ កម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ “រួមគ្នាបន្តកសាងសន្តិភាពដើម្បី វិបុលភាព និងស្ថិរភាពយូរអង្វែង»។ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេស និយាយភាសាបារាំងចំនួន ៩៣ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សារិះរកផ្លូវបន្ថយភាព តានតឹងភូមិសាស្ត្រនយោបាយ ជំរុញការអភិវឌ្ឍរឹងមាំ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ ពហុភាគីដើម្បីសន្តិភាពចីរកាល។
សម្ដេចធិបតីបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពី ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេងប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទទួលបាន ឯករាជ្យមកវិញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាឯករាជ្យជាតិ។
សម្ដេចនាយករដ្ឋមន្រ្ដីសង្គត់ធ្ងន់ថា ជាអកុសល មាតុភូមិកម្ពុជាដ៏អភ័ព្វបានបែកបាក់ និងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានគ្រប់បែបយ៉ាង និង កាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជាង ៣លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធសង្គមវប្បធម៌ និងសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ។
សម្ដេចធិបតីបន្តថា ជ័យជម្នះ ៧ មករា ១៩៧៩ បានសង្គ្រោះប្រជាជនយើងផុតពីជ្រោះមរណៈ និងក្តីវិនាសអន្តរាយក្នុង របបសាហាវព្រៃផ្សៃរបស់ខ្មែរក្រហម។ ប៉ុន្តែប្រជាជាតិយើងមិនទាន់ឆ្លងផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុង នៅឡើយទេ សូម្បីក្រោយមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលសម្រេចបានតាមការចរចាយ៉ាង ស្វិតស្វាញ និងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប.។ រហូតដល់ចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ «នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធានាការអនុវត្ត ប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបាន អូសបន្លាយជិត ៣ទសវត្សរ៍ សម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ ដែលជាសមិទ្ធផល ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង ជាមួយនឹងការគាំទ្រយ៉ាង ទូលំទូលាយពីប្រជាជាតិយើងទាំងមូល អស់រយៈពេល ២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះមានប្រជាជន ភៀសសឹករាប់ពាន់គ្រួសារ ដែលមិនទាន់អាចវិលទៅលំនៅឋានដើមវិញនៅឡើយ»។
សម្ដេចធិបតីបន្តថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ សន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្ត កាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតីបញ្ជក់ថា៖«សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសមាសឱ្យប្រទេស យើងអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។ សន្តិភាពបានអនុញ្ញាតឱ្យ យើងមានលទ្ធភាពផ្តោតធនធានទាំងអស់លើការអភិវឌ្ឍគ្រប់វិស័យ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជា តួអង្គដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការអន្តរជាតិ»។
បើតាមសម្ដេចធិបតី ក្រោមឆត្ររបស់ អ.ស.ប. កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុង បេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
ជាមួយគ្នានេះ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពល ផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូហ្ស៊ីស្ទិក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធនានា។ នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុង រង្វង់ ៤,១% ប៉ុន្តែ កំណើនសេដ្ឋកិច្ចតែមួយមុខ មិនមែនជាគោលដៅចុងក្រោយបង្អស់នោះឡើយ។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺការធ្វើឱ្យកំណើននេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅលើការបង្កើតឱកាស ការងារថែមទៀត ការកើនឡើងនូវប្រាក់ចំណូល ការអភិវឌ្ឍជំនាញពិតប្រាកដ ការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសាធារណៈចាំបាច់ ព្រមទាំងការផ្តល់ទំនុកចិត្តលើអនាគតដ៏ភ្លឺស្វាងជូន ប្រជាពលរដ្ឋគ្រប់រូប៕




