អ្នកជំនាញទេចរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិប្រមាណជាង១ម៉ឺន៧ពាន់នាក់ បានទៅផ្ដិតយករូបភាព និងទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ដ នាព្រឹកព្រលឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បើទោះបីមិនបានមើលឃើញព្រះទិត្យរះចំកំពូលប្រាសាទអង្គរវត្ដក៏ដោយ ដោយសារអាកាសធាតុនៅរដូវនេះជារដូវភ្លៀង។
នៅថ្ងៃទី១នៃព្រឹត្ដិការណ៍សមរាត្រីនេះ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។
អ្នកនាង ពេជ្រ ចរណៃ និងភ្ញៀវទេសចរជាតិផ្សេងទៀត បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែសមរាត្រីនៅរដូវវស្សានេះ នៅតែមានមោទនភាពចង់ទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរដដែល បើទោះបីមើលមិនឃើញព្រះអាទិត្យរះចំកណ្ដាលកំពូលកដោយ។ ពួកគាត់ខ្លះ បានមកអង្គុយរង់ចាំទស្សនា ចាប់ពីម៉ោង៤ជិតភ្លឺ រហូតដល់ព្រះអាទិត្យឡើងខ្ពស់ ព្រមទាំងបានឃើញទេសភាពស្រស់ស្អាតប្រាសាទអង្គរវត្ត ឆ្លុះជាមួយព្រៃឈើខៀវសង៉ាត់ អមដោយស្រះទឹកសងខាង និងទេសភាពសម្រស់ខៀខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ ពួកគាត់បានបានសម្ដែងការពេញចិត្ដនៃព្រឹត្ដិការណ៍សមតាត្រីនៅរដូវវស្សានេះ បើទោះបីមើលមិនឃើញព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដដែលបណ្ដាលមកពីអាកាសធាតុក៏ដោយ។ អ្នកទេសចរលើកឡើងថា ការទស្សនាប្រាសាទអង្គរ គឺចង់មកកម្សាន្ដមិនថាតែមានព្រឹត្ដិការណ៍សមរាត្រីនោះទេ។
បើតាមរបាយការន៍របស់លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណជាងមួយម៉ឺន៧ពាន់នាក់ ក្នុងចំណោមនោះអ្នកទេសចរន្ដរជាតិ ៧៧២នាក់ និងភ្ញៀវជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរមានចំនួនប្រមាណ ១ម៉ឺន៦ពាន់នាក់។ ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ និង២៣ ខែកញ្ញា៕






