ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៦-២៧ បាននឹងកំពុងបង្កើតភាពជក់ចិត្តខ្លាំង គិតត្រឹមសប្ដាហ៍ទី៣ ដែលទើបបញ្ចប់ការប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ ស្ថានភាពក្នុងតារាងពិន្ទុ និងទម្រង់លេងរបស់ក្រុមនីមួយៗបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ខណៈមានបេក្ខភាព ៤ក្រុម ដែលរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នៅឡើយ គឺមានវិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ និង ISI ដង្កោសែនជ័យ។
សម្រាប់វិសាខា បានបន្ដយកឈ្នះក្រុម បឹងកេត ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមលេខ៧ ឆ្នាំចាស់ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ Ewolo Donovan នៅនាទី១៥ និង Cristian នៅនាទី២៣ មុនកីឡាករ Bevan Myer វាយបកបាន ១គ្រាប់ឲ្យបឹងកេត នៅនាទី៤៨។ ជ័យជម្នះនេះ នាំឲ្យវិសាខា ឈរកំពូលតារាង និងរកបាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា មុនឈប់សម្រាក FIFA Day ។
អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺការចែកគ្នា ១ពិន្ទុ រវាងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ចំពោះមុខអ្នកគាំទ្រជាង ៣ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ គ្រាប់បាល់នាំមុខរបស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន តាំងពីនាទីទី៧ មុនកីឡាករ Tezuka Takahiro វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅនាទី៤៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
លទ្ធផលនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ ដោយមាន ៧ពិន្ទុក្នុងដៃ ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ស្មើក្រុមណាហ្គាវើលដ៏ ដែលឆ្លងកាត់ ៣ប្រកួតរកបាន ៧ពិន្ទុដូចគ្នា លើក្រុម ISI ដង្កោសែនជ័យ ដែលឈរលេខ៤ និងមាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២។ សម្រាប់ណាហ្គាវើលដ៍ បានរំកិលមកឈរលេខ៣ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៥-៤ នៅកីឡដ្ឋានស្ដាតចាស់។
ជាមួយសប្ដាហ៍ដ៏ជក់ចិត្តនេះដែរ ក្រុមគិរីវង់សុខសែនជ័យ ដែលធ្វើមិនបានល្អនៅ ២ប្រកួតដំបូង ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដូចគ្នា ក្នុងការយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ២-១ លើទឹកដីរបស់ខ្លួន។ ២គ្រាប់ ដែលជួយឲ្យគិរីវង់ ស្គាល់ជ័យជម្នះលើកដំបូង រកបានដោយកីឡាករ អឿន ឌី នៅនាទី៣៣ និងកីឡាករ Ndongo Louis Willy នៅនាទី៩០+២ បន្ទាប់ពីការវាយបកគ្រាប់តាមស្មើរបស់កីឡាករ Aguek Manyluak នៅនាទី៥៧។
ដោយឡែកការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ មួយប្រកួតទៀត គឺក្រុម អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់ ដែលធ្វើសម្រេចដោយកីឡាករ ខន ណារ៉ង់ នៅនាទី៣២ និងកីឡាករ ម៉ុន វ៉ាន់ដា នៅនាទី៦៥។
សរុបលទ្ធផលបណ្ដោះអាសន្ន មុនសម្រាក FIFA Day បន្ទាប់ពីក្រុម Top-4 ដែលមិនទាន់ស្គាល់បរាជ័យ គឺមានក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលឈរលេខ៥ រកបាន ៤ពិន្ទុ, គិរីវង់សុខសែនជ័យ ឈរលេខ៦ មាន ៣ពិន្ទុ លើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ឈរលេខ៧ និងលេខ៨ មាន ២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត ទើបរកបាន ១ពិន្ទុ ។ រីឯក្រុមឡាយហ្វខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ នៅមិនទាន់មានពិន្ទុរាប់ឡើយនោះទេ៕ អត្ថបទ លី ឈុនឡា

