អ៊ុយក្រែន៖ រយៈពេលបីថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលជំនួយរងការវាយប្រហារដោយការវាយលុករបស់រុស្ស៊ី ក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តពន្លត់ភ្លើងដែលនៅសេសសល់ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌មួយនៅក្នុងភូមិ Derhachi ភាគខាងជើងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។
អគារនេះត្រូវបានប្រែក្លាយទៅជាទីតាំងចែកចាយជំនួយ ហើយពេលនេះត្រូវបានបំផ្លាញទាំងស្រុងដោយការបាញ់ផ្លោង។ លោក Vyacheslav Zadorenko អភិបាលក្រុង Derhachi និយាយថា ទីក្រុងរបស់លោកបានរងការបាញ់ផ្លោងជាច្រើនលើក ហើយមជ្ឈមណ្ឌលចែកចាយជំនួយក្រោយមកត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត Uragan បណ្តាលឱ្យអគារកម្ពស់បីជាន់ដួលរលំទាំងស្រុង។ ការបាញ់ផ្លោងដោយគ្រាប់រ៉ុក្កែតមិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ វាបានកើតឡើងនៅពេលយប់ ដូច្នេះមនុស្សនៅក្នុងបន្ទប់ក្រោមដីភាគច្រើនមានរបួសតិចតួចប៉ុណ្ណោះ។
កងកម្លាំងរុស្ស៊ីបាននឹងកំពុងដកថយពីភាគខាងជើងក្រុង Kharkiv ក្រោយការវាយប្រហារប្រឆាំងតបរបស់អ៊ុយក្រែន។ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងដកថយពីតំបន់ជុំវិញទីក្រុង Kharkiv ហើយផ្តោតលើការការពារនៅច្រកផ្គត់ផ្គង់៕
អត្ថបទ៖ ប៊ុនថន