ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមានគោលបំណងរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។
សូមបញ្ជាក់ថា នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ជម្រៅជាង៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមានបំពាក់អាវុធធុនធ្ងន់ទំនើបៗ ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។
គោលបំណងនៃការចូលសំចតរបស់នាវាកាណាដាលើផែសមុទ្ររាមរបស់កម្ពុជានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតជាពិសេសកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរតែម្តង។
ក្នុងអំឡុងពេលសំចតរយៈពេលបីថ្ងៃនៅដែនសមុទ្រកម្ពុជានេះ កងនាវិករបស់នាវាកាណាដានឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីបង្កើនភាពស្និតស្នាលរបស់កងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមរំលឹកថា នៅក្នុងឆ្នាំ២០២៦នេះនាវាចម្បាំងបណ្តាប្រទេសជាច្រើនបានចូលមកសំចតនៅកំ ពង់ផែស្វយ័តក្រុងព្រះសីហនុ និងមូលដ្ឋានសមុទ្ររាម ដោយក្នុងនោះមាននាវាចម្បាំងអាមេរិក ឥណ្ឌា រុស្ស៊ី និងអង់គ្លេសជាដើម។ ដំណើរនៃការចូលសំចតរបស់នាវាទាំងនោះគឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ អត្ថបទ បាន ចក់
