ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយបាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ទោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅមានឱនភាពជញ្ជីងពាណិជ្ជកម្មក៏ដោយ។
ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បានបង្ហាញថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ សរុបប្រមាណ ១៥,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលមានទំហំទឹក ប្រាក់ជាង ១២,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ទាក់ទិនការធ្វើពាណិជ្ជកម្មខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ និងកសិផលសំខាន់ៗចូលទៅប្រទេសចិន មានទឹក ប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹក ប្រាក់ជាង ១៤ ពាន់លានដុល្លារអាមេរិក កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិនបង្ហាញឱ្យឃើញថា មានឱនភាពជញ្ជីងពាណិជ្ជកម្មឆ្ងាយពីគ្នានៅឡើយ, តែទោះបីយ៉ាងណាការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ បានកំពុងចូលរួមដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជាពិសេសជំរុញដល់ការនំាំចេញកសិផលរបស់កម្ពុជា។
ចំពោះការនាំចេញ, កម្ពុជាបាននាំចេញទំនិញ និងផលិតផលចូលទីផ្សារចិន ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ ឃើញ ថា បាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញ នាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រដល់ការនាំចេញផលិតផលរបស់កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀនស្រស់ជាដើម។ ចំណែកការនាំចូលពីប្រទេសចិនមក កម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំចូលដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុប ជាង ២២,១ ពាន់លានដុល្លារអាមេរិក កើនជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់សរុបជាង ២៦,៥ ពាន់លាន ដុល្លារអាមេរិក កើនជាង ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី
