កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខេត្តកោះកុងចំនួន៦៤៧នាក់ ត្រូវបានមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពិនិត្យ និងចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនាពេលខាងមុខនេះ។
លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា គិតចាប់ពីថ្ងៃទី៥ មកដល់ថ្ងៃទី១៥ ខែឧសភា មានប្រជាពលរដ្ឋ៦៤៧នាក់ហើយដែលបានមកធ្វើឯកសារបញ្ជាក់អត្តសញ្ញាណនៅតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
បើតាមលោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោតនេះ គឺចេញបញ្ជាក់ជូនតែពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប៉ុណ្ណោះ គ្រាពួកគាត់មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពប្រើប្រាស់ និងបាត់ខូចអត្តសញ្ញាណប័ណ្ណ។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ក៏អំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ ទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ-សង្កាត់ នៃឃុំ-សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោត ឲ្យបានទាន់ពេលវេលាមុនថ្ងៃទី ៣ ខែមិថុនា។
ខេត្តកោះកុង មានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប៧៣.១៣៤នាក់ និងការិយាល័យបោះឆ្នោត១៨៧ការិយាល័យ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ្វូនស៊ិនបិច៕ អត្តបទ ៖ ឈឹម មករា





