បាល់ទាត់៖ ខ្សែប្រយុទ្ធ Inter Milan, Romelu Lukaku នឹងអាចចូលរួមជាមួយក្រុមជំរើសជាតិប៊ែលហ្ស៊ិកបាន បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Manchester United រូបនេះធ្វើតេស្តឃើញអវិជ្ជមាន Covid-19។ មូលហេតុស្រពិចស្រពិលដំបូងរបស់ Romelu Lukaku ជាមួយក្រុមប៊ែលហ្ស៊ិក គឺស្របពេលដែល Inter Milan មានផ្ទុះការឆ្លងរីករាលដាលក្នុងក្លិប ដែលឈានដល់ការលុបចោលការប្រកួតទល់នឹង Sassuolo ក្របខណ្ឌអ៊ីតាលី Serie A ចុងសប្ដាហ៍កន្លងទៅ។

កាលពីថ្ងៃសៅរ៍នោះ Inter Milan បានឲ្យដឹងថា កីឡាករ ៤នាក់មានផ្ទុក Covid-19 រួមមានអ្នកចាំទី Samir Handanovic ផងដែរ។ ក្រោយមកក្រុមនាំមុខគេនៅ Serie A មួយនេះក៏បានហាមឃាត់កីឡាកររបស់ខ្លួនមិនឲ្យចេញក្រៅប្រទេស ទៅចូលរួមជាមួយក្រុមជំរើសជាតិពួកគេផងដែរ។ ក្រុមប៊ែលហ្ស៊ិកនឹងត្រូវជួបជាមួយវែលនៅថ្ងៃពុធនេះ ក្នុងយុទ្ធនាការប្រកួតជំរុះ World Cup មុនពេលជួបសាធារណរដ្ឋឆេកនៅថ្ងៃសៅរ៍ និងជួបបេឡារុសថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ក្រុមរបស់លោក Roberto Martinez នឹងមិនមាន Eden Hazard និង Axel Witsel ឡើយដោយកំពុងសម្រាកព្យាបាលរបួស៕
អត្ថបទ៖នាង សុភាវុធ