កំពត៖ មន្ត្រីជំនាញ បានលើកឡើងថា កុមារជាវ័យទន់ខ្សោយ ទាមទារការគាំពារ និងតាមមើលថែពីគ្រប់ភាគីពាក់ព័ន្ធជាប់ជានិច្ច ព្រោះថា ភាពរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា សង្គម និងបរិស្ថានជុំវិញ បង្កឲ្យប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពរបស់កុមារ។
ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការជួញដូរមនុស្ស និងកុមារចំណាកស្រុកដោយសុវត្ថិភាព សិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់ពាក់ព័ន្ធនឹងប្រព័ន្ធកិច្ចការពារកុមារ ក្នុងនិងក្រៅប្រទេស ដែលបានធ្វើឡើងនៅខេត្តកំពត នៅថ្ងៃទី១៦ ខែឧសភានេះ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ បានឱ្យដឹងថា កន្លងមក ការងារលើកកម្ពស់ការគោរពសិទ្ធ និងការការពារកុមារ ត្រូវបានធ្វើឡើងយ៉ាងផុលផុសនៅទូទាំងប្រទេស និងបានដាក់ចេញនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមារកំពុងរងគ្រោះ ។
លោកស្រី បានបញ្ជាក់ថា អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តរួមគ្នាធ្វើការងារនេះឲ្យបានខ្លាំងបន្ថែមទៀតដើម្បីឈានទៅលុបបំបាត់ការរំលោភសិទ្ធិ និងផលប៉ះពាល់ដល់កុមារព្រោះការស្រាវជ្រាវបានបង្ហាញថា ភាពរីកចម្រើនខាងបច្ចេកវិទ្យា កត្តាអភិវឌ្ឍន៍សង្គមនៅក្នុងមូលដ្ឋាន និងបរិស្ថានជុំវិញ គឺជាកត្តាចម្បងបង្កឲ្យប៉ះពាល់សិទ្ធិ និងសុវត្ថិភាពសុខភាពកុមារ។
លោក កៅ រិទ្ធ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពត បានបញ្ជាក់ថា ទោះបីគ្រប់ផ្នែកពាក់ព័ន្ធ និងអង្គការដៃគូ ខិតខំធ្វើកិច្ចការងារជាច្រើននាពេលកន្លងមកក្តី កុមារក្នុងខេត្តកំពតមួយចំនួន នៅតែទទួលរងគ្រោះ ដូចជា ករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការទទួលទានចំណីអាហារ ដែលពុំមានសុវត្ថិភាពនៅតាមសាលារៀន គ្រោះថ្នាក់ចរាចរណ៍ ការរំលោភសេពសន្ថវៈជាដើម។ គណៈកម្មាធិការខេត្ត បានរកឃើញចំណុចកុមារទទួលរងគ្រោះ និងការបំពានដោយករណីផ្សេងៗរហូតដល់៨ប្រភេទសំខាន់ៗ៕ អត្ថបទ៖ អន សារឹម