ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងស្វែងរកការព្រងឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសអាជីវកម្មថ្មីៗ ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ការហោះហើរផ្លូវត្រង់ និងទេសចរណ៍ដែលមានតម្លៃខ្ពស់បន្ថែមទៀត។
លោកឧកញ៉ា ឆារស៍ វ៉ាន់ (Charles Vann) នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រោយបើកកម្មវិធី បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាដើម្បីទេសចរណ៍" ដោយបានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ លោកបានបន្ថែមថា អាកាសយានដ្ឋានមិនមែនគ្រាន់តែជាច្រកចេញចូលសម្រាប់អ្នកដំណើរអន្តរជាតិនោះទេ ប៉ុន្តែក៏ជាចំណុចដំបូងនៃបទពិសោធន៍របស់ភ្ញៀវទេសចរ និងជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍របស់កម្ពុជាផងដែរ។

លោកឧកញ៉ា បានបន្តថា ទេសចរណ៍មិនអាចរីកចម្រើនបានតាមរយៈការខិតខំប្រឹងប្រែងរបស់ស្ថាប័ន ឬអាជីវកម្មតែមួយនោះទេ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិកា ររវាងរាជរដ្ឋាភិបាល អាកាសយានដ្ឋាន ខ្សែក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ វិនិយោគិន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត។ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំឆ្លងកាត់ខ្សែច្រវាក់តម្លៃទេសចរណ៍ អាចជួយកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរ និងលើកទឹកចិត្តឱ្យពួកគេត្រឡប់មកកម្សាន្តនៅកម្ពុជាសារជាថ្មី។
លោក ម៉េង ផល្លា អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា ពិព័រណ៍នេះតំណាងឱ្យលើសពីការបង្ហាញទេសចរណ៍តាមទម្លាប់ធម្មតា និងជាវេទិកាសម្រាប់ការកសាងបណ្តាញអាជីវកម្ម រួមទាំងទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច (B2B) ព្រមទាំងផ្សព្វផ្សាយសម្បត្តិវប្បធម៌ ធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកបន្តថា សមាគមបានកំណត់អាទិភាពសំខាន់ៗចំនួនបី មានដូចជា៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយគំនិតច្នៃប្រឌិត រួមទាំងទេសចរណ៍បៃតង ទេសចរណ៍វប្បធម៌ និង MICE ការកែលម្អគុណភាពសេវាកម្ម និងស្តង់ដារសុវត្ថិភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងការពង្រីកការផ្សព្វផ្សាយរួមគ្នានៅក្រៅប្រទេស ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសទំនើបរបស់កម្ពុជាឱ្យកាន់តែច្រើន។
សូមជំរាបជូនថា ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ រយៈពេល ៥ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបម្រើជាវេទិកាសម្រាប់អាជីវកម្ម និងដៃគូទេសចរណ៍ ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ និងស្វែងរកឱកាសដើម្បីពង្រីកទីផ្សារទេសចរណ៍របស់កម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន២៦ ដែលប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ចូលរួមដោយមានស្តង់ពិព័រណ៍ចំនួន៣០។ ព្រឹត្តិការណ៍នេះ ផ្តល់នូវវេទិកាមួយសម្រាប់អាជីវកម្មនានាក្នុងការបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ព្រមទាំងបង្កើតទំនាក់ទំនង ការផ្លាស់ប្តូរគំនិត ការស្វែងរកឱកាសអាជីវកម្ម និងការអភិវឌ្ឍដៃគូសហការថ្មីៗ។ ក្រៅពីនេះ ក៏បានរំលេចនូវសម្បត្តិទេសចរណ៍របស់កម្ពុជាផងដែរ រួមមាន៖ វប្បធម៌ ប្រវត្តិសាស្ត្រ ផលិតផលក្នុងស្រុក ម្ហូបអាហារ តំបន់ឆ្នេរ ទេសចរណ៍សហគមន៍ និងសេវាកម្មទេសចរណ៍ទំនើបៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី