ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញពីបំណងបន្តលេងឱ្យជម្រើសជាតិ ខណៈរូបគេកំពុងខិតជិតដល់គោលដៅរកគ្រាប់បាល់សរុបក្នុងអាជីព ១,០០០ គ្រាប់។
Ronaldo បច្ចុប្បន្នវ័យ ៤១ ឆ្នាំ បាននិយាយកាលពីថ្ងៃពុធនៅលើឆាកធំនៃ Portugal Football Summit មុនការប្រកួត UEFA Nations League ជាមួយវែលនៅថ្ងៃព្រហស្បតិ៍ថា រូបគេនៅមានអ្វីជាច្រើនទៀតដែលអាចផ្តល់ឱ្យក្រុមជម្រើសជាតិ ខណៈលោក Jorge Jesus កំពុងត្រៀមដឹកនាំការប្រកួតដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកថ្មី។
Jorge Jesus ត្រូវបានតែងតាំងជំនួសលោក Roberto Martinez បន្ទាប់ពីយុទ្ធនាការ World Cup ដ៏ខកចិត្តរបស់ព័រទុយហ្គាល់ ដែលបានបញ្ចប់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងអេស្ប៉ាញ ដែលជាជើងឯក។
បច្ចុប្បន្ន Ronaldo រកបាន ៩៧៩ គ្រាប់ ក្នុងអាជីពរបស់ខ្លួន ដែលរួមមាន ៨៣៣ គ្រាប់សម្រាប់ក្លិប និង ១៤៦ គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្គាល់។ នេះមានន័យថា គេនៅខ្វះតែ ២១ គ្រាប់ទៀត ដើម្បីឈានដល់កំណត់ត្រា ១,០០០ គ្រាប់ ដែលជាគោលដៅដែលរូបគេធ្លាប់បង្ហាញជាសាធារណៈ។
នៅពេលត្រូវបានសួរថា រវាងការឈ្នះ UEFA Nations League និងការឈានដល់គ្រាប់ទី ១,០០០ មួយណាសំខាន់ជាង Ronaldo បានញញឹម ហើយឆ្លើយថា ចង់បានទាំងពីរ។
Ronaldo ក៏បានទទួលស្គាល់ថា រូបគេធ្លាប់ពិចារណាអំពីអនាគតរបស់ខ្លួនជាមួយជម្រើសជាតិដែរ បន្ទាប់ពីព័រទុយហ្គាល់ធ្លាក់ចេញពី World Cup។ ប៉ុន្តែការពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ និងលោក Jorge Jesus បានធ្វើឱ្យគេសម្រេចចិត្តបន្តជួយក្រុមជម្រើសជាតិ។
ចំពោះសំណួរអំពីការចូលនិវត្តន៍ Ronaldo មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ណាមួយឡើយ។
ទោះបីជារូបគេនៅសល់តែ ២១ គ្រាប់ទៀត ដើម្បីឈានដល់គោលដៅ ១,០០០ គ្រាប់ និងអនាគតក្នុងវិស័យបាល់ទាត់អាចកាន់តែខិតជិតដល់ចំណុចបញ្ចប់ក៏ដោយ ក៏សម្រាប់ពេលនេះ Ronaldo នៅតែបន្តពាក់អាវជម្រើសជាតិព័រទុយហ្គាល់ និងបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ និងសារព័ត៌មានដដែល៕ អត្ថបទ៖នាង សុភាវុធ
