បាល់ទាត់៖ ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal ឈរក្នុងតំណែង Top4 ត្រូវរង់ចាំអ៊ុតដល់ប្រកួតចុងក្រោយបន្ទាប់ពីបរាជ័យនៅទឹកដី Newcastle United ២-០ ប្រកួតបង្គ្រប់សប្តាហ៍ទី៣៧ ក្របខណ្ឌ English Premier League។

ក្រុមរបស់លោក Mikel Arteta ត្រូវការឈ្នះដាច់ខាតដើម្បីឡើងមកឈរលេខ ៤ វិញបន្ទាប់ពី Spurs យកឈ្នះ Burnley ឡើងឈរលេខ ៤ បណ្តោះអាសន្នកាលពីថ្ងៃអាទិត្យ។ យ៉ាងណាក្តីខ្សែការពារអង់គ្លេស Ben White គឺជាអ្នកភ្លាត់ចូលទីខ្លួនឯងនៅនាទីទី ៥៥ ឱ្យ Newcastle នាំមុខ មុនពេលដែលគ្រាប់ធានាជ័យជំនះរកបាននៅនាទីទី ៨៥ ដោយ Bruno Guimaraes។ ចប់ការប្រកួត Newcastle យកឈ្នះ Arsenal ២-០ ឡើងមកឈរលេខ ១២ ក្នុងតារាងមាន ៤៦ពិន្ទុ។
ចំណែក Arsenal បន្តឈរលេខ ៥ តាមពីក្រោយ Spurs ពីរពិន្ទុនៅសល់ប្រកួតចុងក្រោយដោយ Arsenal ទទួល Everton និង Spurs ទៅទឹកដី Norwich City។ លទ្ធផលនេះដែរក៏បានធានាថា Chelsea នឹងបញ្ចប់ក្នុងលំដាប់ Top4 ផងដែរខណៈកំពុងឈរលេខ ៣ ដាច់ Arsenal លេខ ៥ ចំនួន ៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ