ប្រណាំងយានយន្ត៖ កីឡាយានយន្ត-ព្រឹត្តិការណ៍ប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practice 2022 រយៈពេល ២ថ្ងៃពីរាជធានីភ្នំពេញ និងខេត្តកំពតបានបញ្ចប់ដោយជោគជ័យដោយអត្តពលិកជាតិ និងអន្តរជាតិកោតសរសើរពីការរៀបចំរបស់ក្រុមការងារ Kara កម្ពុជាជាមួយនឹងទឹកមុខសប្បាយរីករាយ។
តំណាងយុវជនសសយក រាជធានីភ្នំពេញបានអោយដឹងថា ការចូលរួមជាក្រុមការងារ Kara គឺជាចំណែកមួយជួយផ្សព្វផ្សាយកីឡាយានយន្ត និងសក្តានុពលទេសចរបរិស្ថានដ៏សម្បូរបែបរបស់កម្ពុជា និងជាបទពិសោធន៍ថ្មីមួយ ទោះមានផលពិបាកក៏ដោយ។ ថ្លែងក្នុងពិធីបិទ លោក សុំ មនោរម្យ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ Kara កម្ពុជា ជាពិសេសលោក ហូ សិទ្ធីគុណ ជាស្ថាបនិក Kara ដែលបានផ្តួចផ្តើមគៀងគរស្វែងរកដៃគូឯកជន សហការរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា ហើយក៏ជាការផ្តល់ឱកាសឲ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឲ្យយុវជនបានរៀនពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ នឹងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ។
តំណាងក្រសួងបរិស្ថានរូបនេះបន្តថា ព្រឹត្តិការណ៍នេះក៏បានផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗនៅតាមខេត្ត ក៏ដូចជានៅតាមតំបន់អភិរក្សធនធានធម្មជាតិ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដីក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកម្សាន្តតំបន់អេកូទេសចរ និងតំបន់អភិរក្សធនធានធម្មជាតិដ៏សម្បូរបែប និងមានសក្តានុពលលើទឹកដីប៉ែកនិរតីនៃប្រទេសកម្ពុជា ស្របពេលដែលវិបត្តិជំងឺកូវីត-១៩ ធូរស្បើយ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បូករួមនឹងការលើកលែងវិធានសុវត្ថិភាពផ្សេងៗដល់ភ្ញៀវអន្តរជាតិដែលមកទេសចរនៅកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE ឆ្នាំ២០២២ រៀបចំដោយភ្នាក់ងារ Kara កម្ពុជាគាំទ្រដោយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា