យុវជនកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍ និងស្វែងយល់លើការជ្រើសរើសយកជំនាញសិក្សាលើមេកានិច និងបច្ចេកវិទ្យាឧស្សាហកម្ម ដើម្បីចូល រួមចំណែក និងឆ្លើយតបដល់ការអភិវឌ្ឍតម្រូវការក្នុងស្រុក ខណៈកម្ពុជាកំពុងទទួលបានលំហូរលើការវិនិយោគវិស័យឧស្សាហកម្ម ជាបន្តបន្ទាប់។

យុវជនកម្ពុជាកាន់តែច្រើន កំពុងចាប់អារម្មណ៍លើការសិក្សាជំនាញមេកានិច និងបច្ចេកវិទ្យាឧស្សាហកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងឧស្សាហកម្មជាតិ ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ និងលំហូរវិនិយោគថ្មីៗក្នុងស្រុក ខណៈដែលកំណើននៃការវិនិយោគលើវិស័យឧស្សាហកម្ម និងរោងចក្រ បានបង្កើត ឱកាសការងារជាច្រើន សម្រាប់អ្នកមានជំនាញបច្ចេកទេសជាក់ស្តែង។

លោក វិធាន ខែមរដ្ឋ គ្រូបង្រៀនផ្នែកមេនិក នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា លើកឡើងថា វិទ្យាស្ថានបច្ចេកទេសកម្ពុជា គឺជា កន្លែងបណ្តុះបណ្តាលពហុជំនាញ ដោយក្នុងមួយឆ្នាំៗមានយុវជនចូលរៀនជាច្រើន ក្នុងនោះសម្រាប់ជំនាញមេកានិក (Mechanical) និងបច្ចេកវិទ្យាឧស្សាហកម្ម (Industrial Technology) គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះ បានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទំនើប កម្មសង្វាក់ផលិតកម្ម និងការបង្កើតបច្ចេកវិទ្យាថ្មីៗ។ ជំនាញទាំងពីរនេះដើរតួនាទីជាកាតាលីករ ក្នុងការបំប្លែងគំនិតច្នៃប្រឌិតឱ្យទៅ ជាផលិតផល ឬប្រព័ន្ធការងារជាក់ស្តែងក្នុងពិភពពិត បច្ចុប្បន្នមានយុវជនជាច្រើនបានចាប់អារម្មណ៍ ជ្រើសរើសយកជំនាញទាំងនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសមួយកំពុងទទួលបានលំហូរវិនិយោគជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគលើឧស្សាហកម្មទំនើបៗ ដែលត្រូវមនុស្សដែលមានជំនាញចូលរួម។
សូមបញ្ជាក់ថា ទាក់ទិនការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស, រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញការអភិវឌ្ឍធន ធានមនុស្សលើគ្រប់វិស័យ និងបានបង្កើនគុណភាពអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ការងារ តាមរយៈការយកចិត្តទុកដាក់លើគុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត, ទាំងក្នុង គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។ ការបន្តអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយ ផ្តោតជាពិសេសលើការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយចំណេះដឹង និងជំនាញ ដើម្បីក្លាយជាធនធានជន្ទល់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់ជាតិ តាមរយៈការជំរុញអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ កម្មវិធីបង្កើនសមត្ថភាពជំនាញ កម្មវិធីលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការគ្រប់គ្រង ការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ាន និងការទទួល- ស្គាល់សមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្នរបស់កម្មករ-និយោជិត និងពលករទេសន្តរប្រវេសន៍ ដើម្បីធានាថា “ប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”៕ អត្ថបទ៖ សុន រ៉ាឌី





