ភ្នំពេញ ៖ ក្រោយការដាក់ចេញគោលការណ៍ ជំរុញប្រាក់រៀលឡើងវិញ ការប្រើប្រាស់ប្រាក់រៀល ជាពិសេស នៅក្នុងការផ្តល់សេវាឥណទាន (កម្ចី)ទៅដល់អតិថិជន និងចរាចរណ៍ប្រាក់រៀលលើទីផ្សារ ត្រូវបានសង្កេតឃើញថា មានការកើនឡើង។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានថា មុនឆ្នាំ២០១៩ ពេលដែលធនាគារជាតិនៃកម្ពុជាជំរុញឱ្យគ្រប់គ្រឹះស្ថានទាំងអស់ ប្រើប្រាស់ប្រាក់រៀល ឱ្យបានច្រើនជាងមុន ក្នុងនោះបានមើលឃើញមានការកើនឡើងសន្សឹមៗ ។ លោក ជឿជាក់ថា ការប្រើប្រាស់ប្រាក់រៀល នឹងមានកំណើនក្នុងកម្រិតមួយ ដែលមិនលឿនពេកទេ ដោយសារសេដ្ឋកិច្ចជាតិពឹងពាក់លើការវិនិយោគពីក្រៅប្រទេស ក៏ប៉ុន្តែការប្រើប្រាស់ប្រាក់រៀលនឹងមានការកើនឡើង ដោយសារតែភាគីពាក់ព័ន្ធ មានទាំងរដ្ឋាភិបាល ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្យាយាមជំរុញ និងផ្សព្វផ្សាយដល់ការប្រើប្រាស់ប្រាក់រៀលនេះ។
សម្រាប់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញម្នាក់ លោក សុគន្ធ បូរ៉ាយុទ្ធ បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ បានមើលឃើញថា ការចាយវាយប្រាក់រៀលមានភាពទូលំទូលាយច្រើន មិនថា នៅក្នុងផ្សារទូទៅ សូម្បីផ្សារទំនើបនានា ក៏ងាកមកប្រើប្រាស់និងគាំទ្រប្រាក់រៀលច្រើនជាងមុនផងដែរ ជាពិសេសទូទាត់តាមប្រព័ន្ធឌីជីថលដែលងាយស្រួលក្នុងការប្រើប្រាស់។
ដោយសារកម្ពុជា ជាប្រទេសដុល្លារូបនីយកម្ម ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយឱ្យកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ច្រើនក្នុងវិស័យសេដ្ឋកិច្ច ដោយសារការទូទាត់ប្រាក់រៀល នៅពេលដែលមានលំហូរពីក្រៅ មកវិនិយោគនោះ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែមានផលចំណេញពីការប្រើប្រាស់ប្រាក់រៀល។ លើសពីនេះទៀត គឺជួយឱ្យសេដ្ឋកិច្ចពឹងផ្អែកទៅលើរូបិយប័ណ្ណ ខ្លួនឯង ជាជាងពឹងផ្អែកទៅលើរូបិយប័ណ្ណបរទេស និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានឯករាជ្យជាងមុន។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅកម្ពុជា ប្រាក់ដុល្លារត្រូវបានប្រើប្រាស់រហូតទៅដល់ប្រមាណជា ៨០% នៃបរិមាណសាច់ប្រាក់សរុប ដែលចរាចរនៅលើទីផ្សារ។ ធនាគារជាតិ នៃកម្ពុជា កាលពីពេលថ្មីៗនេះ បានអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤១ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២១)៕
អត្ថបទ ឈិត បូរ៉ាវី