គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញពលរដ្ឋទើបមានអាយុ១៨ឆ្នាំ មកចុះឈ្មោះបោះឆ្នោត២០២៦ នៅតាមឃុំ/សង្កាត់ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលជាម្ចាស់ នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដំណាក់កាលដំបូងគេនិងសំខាន់បំផុតក្នុងចំណោមដំណាក់ទាំង៤ នៃដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងរួមមាន៖ទី១.ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត ទី២.ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ទី៣.ដំណាក់កាលឃោសនាបោះឆ្នោត និងទី៤.ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកម្មវិធីវគ្គអប់រំ ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
នៅក្នុងអង្គពិធី ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការតាមតួនាទីផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋដូចជា៖ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតក្នុងករណីពិនិត្យឃើញថា កត់ត្រាមិនបានត្រឹមត្រូវ និងជាពិសេសចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុង ឆ្នាំ២០១៦ និងឆ្នាំ២០១៧ សូមទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។
ចៅសង្កាត់បឹងកក់ទី១ និងចៅសង្កាត់ផ្សារដើមគរ នៅរាជធានីភ្នំពេញ បានលើកឡើងដែរថា នៅថ្ងៃនេះ បានចូលរួមសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» គឺទទួលបានចំណេះដឹងបន្ថែមទៀត ពីសារៈសំខាន់នៃការបោះឆ្នោត ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងខិតខំបន្ថែមទៀតជំរុញប្រពលរដ្ឋនៅក្នុងមូលដ្ឋានមកពិនិត្យបញ្ជីឈ្មោះ និងពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោតជាពិសេសយុវជនទើបមានអាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោបោះឆ្នោតសរុបចំនួនជាង៤សែននាក់ ក្នុងនោះយុវជនដែលទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួនជិត២០ម៉ឺននាក់៕ អត្ថបទ៖ទូច សោភ័ណ





