ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃការស្វះស្វែងជួយដល់ប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ ក្នុងគ្រារលំបាកលំបិនខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន គ្រានោះ មានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានាការសម្រាលព្យាបាលប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។
សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
សម្តេចបញ្ជាក់ថា «យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែឈ្នះលើសមរភូមិខ្លះតែប៉ុណ្ណោះ»។
បន្ថែមលើកបញ្ហានោះ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកពីការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយ ដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ពីទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។
សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស»ទៀតផង៕







