ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារាជរដ្ឋាភិបាល ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដល់ដូសទី១០ ក៏ដោយ ប៉ុន្តែរដ្ឋនៅតែមិនយកលុយពីប្រជាពលរដ្ឋជាដាច់ខាត ។
ក្នុងឱកាសជួបសំណេះសំណាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីកម្ពុជា ជាប្រទេសក្រីក្រ តែមិនបណ្ដោយឲ្យពលរដ្ឋខ្វះវ៉ាក់សាំង ដែលអាចរកទិញបាន ដោយនេះជារឿងមិនធម្មតានោះទេ ហើយការចាក់វ៉ាក់សាំងនេះទៀតសោត បើអនុវត្តការចាក់ទៅតាមប្រទេសមួយចំនួន ប្រហែលកម្ពុជា ក៏មិនទទួលបានជោគជ័យនោះដែរ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ៥២លានដូស ដោយទិញខ្លួនឯងជាង២៨លានដូស ដែលបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងប្រមាណ ៩លានដូស សម្រាប់បន្តចាក់ជូនពលរដ្ឋ ខណៈកំពុងរង់ចាំវ៉ាក់សាំងជាជំនួយ និងវ៉ាក់សាំង ដែលកុម្ម៉ង់ទិញផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធ
