សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញចលនាស្រ្ដី ដែលជាមន្រ្ដីមូលដ្ឋាន ខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ ពង្រងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧។

ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង ស្រុក ទាំង ១៣ នៃខេត្តកណ្ដាល។
ជាកិច្ចចាប់ផ្ដើមសម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្ដី ជូនមន្រ្ដីមូលដ្ឋានខេត្តកណ្ដាល ដែលខិតខំបំពេញការងារ អនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ។

សម្ដេចរដ្ឋសភាធិបតី មានប្រាសន៍ថា នៅឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ដែលនៅបាំងក្នុងរយៈខ្លីទៀតតែប៉ុណ្ណោះ ហេតុដូច្នេះមន្រ្ដីមូលដ្ឋានគ្រប់រូប ត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងត្រូវបន្តប្រឹងប្រែងក្នុងការបម្រើសេវា ឱ្យបានល្អ ជូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្តថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រកាសរួចហើយ ពីការផ្ដល់ឱកាសជូនស្រ្ដី ដែលមានសមត្ថភាព ក្នុងការកាន់តួនាទីជាថ្នាក់ដឹកនាំមូលដ្ឋាន ខណៈខេត្តកណ្ដាល បានកំណត់អាទិភាពខ្ពស់ជូនស្រ្ដី ក្នុងបញ្ជីឈ្មោះបោះឆ្នោត ស្ថិតនៅលេខរៀងអាទិភាព ចាប់ពីលេខរៀងទី៣ ឡើងទៅ។
ជាការឆ្លើយតបចំពោះអនុសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចលនាស្រ្ដីខេត្តកណ្ដាល មន្រ្ដីមូលដ្ឋានទាំង ១៣ក្រុង ស្រុក នៃខេត្តកណ្ដាល ពិសេសស្រ្ដី បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ នឹងបម្រើសេវាពលរដ្ឋឱ្យកាន់តែល្អ និងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែម ដើម្បីចាប់យកឱកាសជាថ្នាក់ដឹកនាំមូលដ្ឋាន ឆ្លើយតបការផ្ដល់តម្លៃខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលលើកម្ពស់តួនាទីស្រ្ដី ទាំងក្នុងវិស័យ សង្គម សេដ្ឋកិច្ច និងនយោបាយ៕ អត្ថបទ៖ លៀ ស៊ីណា



