ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាមេរិក ពន្យល់អំពីថា តើការគប់ស្បែកជើងដាក់សម្ដេច ពេលសម្ដេចនៅអាម៉េរិក ជាសកម្មភាពនៃសិទ្ធិបញ្ចេញមតិ ឬក៏ជាអំពើហិង្សា បើទោះបីជាសម្ដេច បានបញ្ជាឲ្យអ្នកគាំទ្រសម្តេចទាំងអស់ មិនត្រូវធ្វើសកម្មភាពហិង្សា ឬបាតុកម្មអ្វី ដើម្បីឆ្លើយតបចំពោះជននោះក្ដី។
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការហួសចិត្តចំពោះជនព្រហើនម្នាក់ ដែលយកស្បែកជើងគប់មកលើសម្តេច ហើយត្រូវបានជនមួយក្តាប់តូច ចាត់ទុកជាវីរបុរស និងបានកើតឡើងនៅលើទឹកដីអាម៉េរិក ដែលជាបិតាលទ្ធិប្រជាធិបតេយ្យទៅទៀត។
តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ មិនទាមទារឲ្យដាក់ទោសដល់ជនព្រហើននេះទេ គ្រាន់តែចង់ដឹងថា រដ្ឋបាលអាម៉េរិក នឹងធ្វើការស៊ើបអង្កេតយ៉ាងម៉េច ខណៈកងការពារអាមេរិក ត្រូវបានចាត់ទុកថា ខ្លាំងជាងគេនៅលើពិភពលោកនោះ។
សម្តេចតេជោ បានបញ្ជាក់ទៅកាន់រដ្ឋបាលអាម៉េរិកផងដែរថា ការគប់គេនឹងស្បែកជើងនេះ គឺជា សិទ្ធិសេរីភាពបញ្ចេញមតិ ឬជាអំពើហិង្សា ខណៈបុគ្គលព្រហើនមួយនេះ បានព្យាយាមចង់ធ្វើបែបនេះមកលើសម្តេច នៅប្រទេសកូរ៉េខាងត្បូងម្តងហើយនោះ៕ អត្ថបទ៖ បាន ចក់
