នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះសន្ទុះ នៃការរីកចម្រើនទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា ក្នុងស្មារតីនេះ កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា ក្នុងការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្កាកន្លងមក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ ដែលបានប្រព្រឹត្តិទៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។




