ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។
សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។
សម្តេចបន្តថា បើក្នុងករណីកូវីដ-១៩ រលាយរលយ់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវសង្គមផងដែរ។
ទន្ទឹុមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះ មិនមានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស៕