សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានគូសបញ្ជាក់ថា ក្រុមការងារចលនាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកបេះដូង និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ តាមរយៈភាពជាអ្នកដឹកនាំដែលមានការយកចិត្តទុកដាក់ ឆ្លើយតបទាន់ពេលវេលា មានប្រសិទ្ធភាព តាមគោលការណ៍និងស្មារតីគណបក្សប្រជាជនកម្ពុជា គឺ «មិនទុកឱ្យនរណាម្នាក់នៅឯកោ» នោះឡើយ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងលើកទិសដៅបន្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុកទាំង១៣ របស់ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក ក្រុង ទាំង១៣ របស់ខេត្តកណ្តាល។
នៅក្នុងបរិយាកាសរីករាយនោះ សម្តេចរដ្ឋសភាធិបតី បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិក សមាជិកាគណបក្សទាំងអស់។សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយពលរដ្ឋទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលបានប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យលទ្ធផលសម្រេចបាន ពិនិត្យមើលបញ្ហាប្រឈម និងផែនការការងារត្រូវអនុវត្តបន្ត។ ក្រុមការងារចលនាស្ត្រី ជាយន្តការមួយយ៉ាងរឹងមាំដែលមានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់ខេត្តដល់ថ្នាក់ភូមិ ក្នុងការជួយបម្រើសកម្មភាពការងារគណបក្ស ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋឱ្យបានជាប់ជាប្រចាំ។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលនិងទិសដៅបន្ត របស់ លោកជំទាវ ស្រ៊ុន ស្រីនាង អនុប្រធានប្រចាំការក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាចំណាប់អារម្មណ៍របស់ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងប្រសាសន៍លើកឡើងរបស់ប្រធានក្រុមការងារចលនាស្ត្រីស្រុក ក្រុងទាំង១៣ របស់ខេត្តកណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារក្រុមការងារចលនាស្ត្រី ដែលសម្រេចបាន។លទ្ធផលការងារដ៏ត្រចះត្រចង់នេះបង្ហាញពីការចូលរួម និងការបំពេញការងារយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សទាំងអស់ ទាំងបុរសនិងស្ត្រី មិនមែនតែក្រុមការងារចលនាស្ត្រីនោះទេ។ សមាជិកទាំងអស់បានសាមគ្គីគ្នាយ៉ាងល្អដើម្បីសម្រេចឱ្យបាននូវបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។
ក្រុមការងារចលនាស្ត្រីគ្រប់ក្រុង ស្រុកទាំង១៣ របស់ខេត្តកណ្តាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តចុះបម្រើប្រជាពលរដ្ឋដោយបេះដូង និងស្មោះត្រង់ជាទីបំផុត។ នៅក្នុងនោះក្រុមការងារបានប្តេជ្ញាចិត្តមុតមាំ ធានាឱ្យបានថា សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក ដើម្បីធ្វើយ៉ាងណាឱ្យគណបក្សបន្តទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ ខាងមុខនេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទោះបីជាប្រឈមនឹងស្ថានការណ៍មួយ ដែលសកលលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ហ៊ុមព័ទ្ធដោយសង្គ្រាម និងរងនូវសង្គ្រាមឈ្លានពានពីប្រទេសថៃយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែរក្សាបាននូវសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ប្រកបដោយភាពធន់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំនាវាកម្ពុជាប្រកបដោយភាពចាស់ទុំខាងផ្នែកនយោបាយ ការទូត និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាគោល ដោយបាន និងកំពុងបន្តស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានភាពល្អប្រសើរ សេដ្ឋកិច្ចបន្តមានកំណើន និងសង្គមមានស្ថិរភាព។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្សទាំងអស់បន្តជឿជាក់លើថ្នាក់ដឹកនាំ ដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានសៀម តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណៈមតិនានា ជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។
សម្តេចបានសង្កត់ធ្ងន់ថា ក្រុមការងារចលនាស្ត្រី ត្រូវចុះបង្ហាញការពិតជូនពលរដ្ឋ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី។ ការបន្តឈ្លានពាន និងការកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់តាមរយៈការប្រើប្រាស់កម្លាំងរបស់ថៃ ផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ និងមិនអាចយកមកកំណត់ព្រំដែនបានជាដាច់ខាត។ ក្រុមការងារទំាងអស់ ត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ អំពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ វិធានការអន្តរាគមន៍ដែលកំពុងអនុវត្ត និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឧត្ដមប្រយោជន៍ជាតិ “រដ្ឋាភិបាលប្រកាន់ខ្ជាប់ការអនុវត្តយុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀម” ក្នុងសមរភូមិការទូត និងច្បាប់អន្តរជាតិ។
មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី បានជំរុញដល់ក្រុមការងារចលនាស្ត្រី ទាំងអស់គ្នាត្រូវបន្តដំណើរទៅមុខជាមួយគ្នា ប្រកបដោយស្មារតីសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្ត និងមានឆន្ទៈមោះមុត ដើម្បីប្រែក្លាយការប្តេជ្ញាទៅជាសកម្មភាព ប្រែក្លាយគោលនយោបាយរបស់យើងឱ្យទៅជាសមិទ្ធផលជាក់ស្តែង និងប្រែក្លាយសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋឱ្យទៅជាកម្លាំងកសាងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ និងរុងរឿង។ ក្រោមធ្លុងមហាសាមគ្គីតែមួយ រួមគ្នាបម្រើប្រជាពលរដ្ឋ ការពារជាតិមាតុភូមិ និងចូលរួមកសាងអនាគតដ៏ត្រចេះត្រចង់របស់កម្ពុជា៕