ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសម្តែងការគួរសមពីសំណាក់យុវជនជប៉ុនចំនួន ៣១រូប ដែលនឹងចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) មុនពេលពួកគេចូលរួមក្នុងកម្មវិធី និងធ្វើដំណើរទស្សនកិច្ច នៅកម្ពុជានាពេលខាងមុខ។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះយុវជនជប៉ុនទាំងអស់និងបានសម្តែងការកោតសរសើរចំពោះការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធី SSEAYP ដែលបានបន្តខិតខំប្រឹងប្រែងលើកកម្ពស់មិត្តភាព ការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងជប៉ុន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនយុវជនជប៉ុនអំពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានគូសបញ្ជាក់ពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់យុវជនក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ដោយបានកត់សម្គាល់ថា មិត្តភាពរវាងប្រទេស និងប្រទេស មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈទំនាក់ទំនងដ៏មានអត្ថន័យ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ដោយសំដៅដល់ដំណើរទស្សនកិច្ចរបស់យុវជនជប៉ុនទៅកាន់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ នា ខែមករា ឆ្នាំ២០២៧ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានលើកទឹកចិត្តពួកគេឱ្យឆ្លៀតយកឱកាសនេះ ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ការអភិវឌ្ឍរបស់ កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកសាងចំណងមិត្តភាពដែលអាចបន្តយូរអង្វែងក្រោយពីកម្មវិធីនេះបានបញ្ចប់។
ឯកឧត្តមក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ពួកគេនៅកម្ពុជានាពេល ខាងមុខ នឹងផ្តល់នូវបទពិសោធន៍ដ៏មានអត្ថន័យ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
ជំនួបសម្តែងការគួរសមបានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលកម្ពុជា និងជប៉ុនផ្តល់ចំពោះការផ្លាស់ប្តូរយុវជន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយូរអង្វែងនៃចំណងមិត្តភាពទ្វេភាគី៕ អត្ថបទ៖ វង្ស សុភាព


