ភ្លៀងធ្លាក់ឥតឈប់ឈរ ដែលបានវាយប្រហារតំបន់ជាច្រើននៃរដ្ឋធានីបាងកករបស់ប្រទេសថៃ កាលពីថ្ងៃសៅរ៍ (ទី ២៦ ខែកញ្ញា ឆ្នាំ២០២៦) បានបង្កឱ្យមានទឹកជំនន់ជន់លិច ដោយបានរំខានដល់ការធ្វើចរាចរណ៍ និងជំរុញឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈដែលអាជ្ញាធរបានប្រកាសទីក្រុងនេះជាតំបន់គ្រោះមហន្តរាយ។
ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមតាំងពីរសៀលថ្ងៃព្រហស្បតិ៍មកនោះ នឹងបន្តធ្លាក់នៅតំបន់ភាគច្រើននៃប្រទេសរហូតដល់ថ្ងៃអាទិត្យនេះ។ មន្ត្រីបានឱ្យដឹងថា បរិមាណទឹកភ្លៀងសរុប នៅតំបន់ជាច្រើននៃទីក្រុងបាងកក ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក បានកើនឡើងលើសពី ៣០សង់ទីម៉ែត្រ។ ទឹកជំនន់បានលិចពាសពេញទីក្រុង ជាពិសេសនៅតំបន់កណ្តាល និងភាគខាងកើត ដោយបានធ្វើឱ្យផ្លូវត្រូវបិទ និងស្ទះចរាចរណ៍។
ទោះបីជាមិនមែនគ្រប់ផ្នែកនៃទីក្រុងបាងកកត្រូវបានជន់លិចក៏ដោយ ក៏ទីក្រុងនេះបានប្រកាសតំបន់ទាំង ៥០ របស់ខ្លួនជាតំបន់គ្រោះមហន្តរាយទឹកជំនន់ ដើម្បីឱ្យអាជ្ញាធរអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស។ គិតត្រឹមថ្ងៃសៅរ៍ មនុស្សជាង ៨៤.០០០នាក់ នៅក្នុងខេត្តចំនួន ២១ ទូទាំងប្រទេស បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសនៅតំបន់ភាគកណ្តាល។ អាជ្ញាធរបានឱ្យដឹងថា សេវាកម្មរថយន្តក្រុងមួយចំនួនពីទីក្រុងបាងកកទៅកាន់ខេត្តភាគខាងកើត ត្រូវបានផ្អាក។
មានសេចក្ដីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវបានគេសង្ស័យថា ស្លាប់នៅក្នុងហេតុការណ៍ទាក់ទងនឹងទឹកជំនន់ នៅទូទាំងប្រទេសថៃ។ ករណីស្លាប់ទាំង ២នាក់ត្រូវ បានរាយការណ៍នៅក្នុងខេត្ត Chanthaburi ភាគខាងកើតថៃ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានឱ្យដឹងថា ព្រះសង្ឃ ១អង្គ បានសុគតដោយសារបំណាក់ដី ខណៈដែលមនុស្សម្នាក់ទៀតស្លាប់ បន្ទាប់ពីទូកនេសាទ ១គ្រឿងបានលិច។ ហើយយោងតាមសារព័ត៌មានថៃ Matichon បានឱ្យដឹងថា មនុស្សម្នាក់ទៀតក៏បានបាត់បង់ជីវិតដែរ នៅទីក្រុងបាងកក៕





