បាល់ទាត់៖ ខ្សែប្រយុទ្ធកំពូល Mohamed Salah និងខ្សែការពារកំពូល Virjil van Dijk នឹងមិនមានវត្តមានឡើយសំរាប់ការប្រកួតរាត្រីនេះនៅពេល Liverpool ធ្វើដំណើរទៅទឹកដី Southampton ប្រកួតបង្គ្រប់សប្តាហ៍ទី៣៧ ក្របខណ្ឌ English Premier League។

កីឡាករទាំងពីរត្រូវផ្លាស់ប្តូរចេញអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ដែល Liverpool យកឈ្នះ Chelsea បាល់ ១១ម៉ែត្រកាត់សេចក្តីលើកពាន FA Cup ពោលគឺ Salah មានបញ្ហាក្រលៀន និង Van Dijk មានបញ្ហាជង្គង់។ យ៉ាងណាក្តីលោក Jurgen Klopp ថារបួសអ្នកទាំងពីរមិនធ្ងន់ធ្ងរទេ និងសង្ឃឹមថាអាចជាទាន់ការប្រកួតបិទរដូវកាលថ្ងៃអាទិត្យនេះនៅពេលទទួល Wolves នៅ Anfield។ Salah បច្ចុប្បន្នជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាលនេះមានសរុប ២២គ្រាប់។
Liverpool ត្រូវការឈ្នះយប់នេះដាច់ខាត ដើម្បីឱកាសប្រជែងតំណែងជើងឯកនៅសប្តាហ៍ចុងក្រោយ ពោលគឺពេលនេះកំពុងតាមពីក្រោយ Manchester City ៤ពិន្ទុ តែបើចាញ់មានន័យថា Manchester City ជាជើងឯកតែម្តង។ ប្រកួតចុងក្រោយ Liverpool ជួប Wolves នៅ Anfield ខណៈ Manchester City ទទួល Aston Villa នៅ Etihad៕
អត្ថបទ៖នាង សុភាវុធ