បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧គ្រួសារ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២ ៧៦៧នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង។
របាយការណ៍ បានឱ្យដឹងបន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រឡាយមេ ប្រឡាយរង សំណង់សិល្បការ្យមួយចំនួនដូចជា ប៉ះពាល់ប្រឡាយមេប្រវែង ៧៤គីឡូម៉ែត្រ ខូចខាត ៣គីឡូម៉ត្រ ប៉ះពាល់ប្រឡាយរងប្រវែង ៩៣គីឡូម៉ែត្រ ខូចខាត ២គីឡូម៉ែត្រ និងប៉ះពាល់សំណង់សិល្បការ្យ ៩កន្លែង។
ជំនន់ទឹកភ្លៀងបណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥ ៦១២ហិកតា ស្រូវទុំ ៥ ៨៩៤ហិកតា ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរងផលប៉ះពាល់សរុប ៨ ៤១៩ហិកតា ស្មើនឹង១ ៤៨៦គ្រួសារ។
ជំនន់ទឹកភ្លៀងបណ្តាលឱ្យហេដ្ឋារចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក រងផលប៉ះពាល់សរុបចំនួន ៧៨០កន្លែង រួមមាន៖ផ្លូវជាតិក្រាលកៅស៊ូ ៩ ៨០០ម៉ែត្រ ផ្លូវបេតុង ៥ ៧៦៦ម៉ែត្រ ផ្លូវកៅស៊ូ ៦៩ ៩៥៤ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ២៦៦ ៩០៨ម៉ែត្រ និងផ្លូវដី ៨០ ៥៥៩ម៉ែត្រ សាលាឃុំ ៦កន្លែង មណ្ឌលសុខភាព ១១កន្លែង (បើកផ្តល់សេវាជាធម្មតា)សាលារៀន ៤៥សាលា និងវត្ត ៣៧វត្ត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើតំបន់ស្រុកសំឡូត រតនមណ្ឌល និងបាណន់បានស្រកចុះច្រើន ប៉ុន្តែស្ថានភាពនៅក្នុងក្រុងបាត់ដំបង ស្រុកឯកភ្នំ និងបណ្ដាស្រុកមួយចំនួនទៀតមិនទាន់ស្រកចុះនោះទេ។
បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតនោះទេ ស្ថានភាពជំនន់ទឹកស្ទឹងសង្កែនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំនឹងចាប់ផ្ដើមស្រកចុះនៅថ្ងៃស្អែកឬខានស្អែក៕





