ភ្នំពេញ៖ សម្រាប់ពេលបច្ចុប្បន្ន វត្តមានជនបរទេសមកកម្សាន្តនៅកម្ពុជា ចាប់ផ្ដើមមានជាថ្មី ជាពិសេសក្រោយពេល ដែលរាជរដ្ឋាភិបាល បើកទូលាយទទួលភ្ញៀវទេសចរជាថ្មី។
សម្រាប់ការកម្សាន្តនៅកម្ពុជានេះ ជនបរទេស បានលើកឡើងថា ពួកគេមើលឃើញពីការគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានល្អប្រសើរ។ ការគ្រប់គ្រងល្អប្រសើរនេះ ជាកត្តាសំខាន់ធ្វើឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពចំពោះការស្នាក់នៅ។
ជាការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសចាប់ផ្ដើមមានវត្តមានដើរកំសាន្តជាថ្មី នៅរាជ ធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ដទៃទៀត។
វត្តមានភ្ញៀវទេសចរជនបរទេស ចាប់ផ្ដើមមានកំណើន ជាពិសេសក្រោយពេលដែលកម្ពុជា បើកទូលាយទទួលភ្ញៀវទេសចរជាថ្មីក្នុងឆ្នាំ២០២២នេះ។
សម្រាប់ជនបរទេស ដែលកំពុងដើរកម្សាន្ត និងរកទិញវត្ថុអនុស្សាវរីយ៍នៅផ្សារទួលទំពូង បានលើកឡើងថា ពួកគេទទួលបានបទពិសោធន៍ល្អសម្រាប់ការស្នាក់នៅកម្ពុជា។ បទពិសោធន៍ល្អ គឺស្នាក់នៅដោយមិនព្រួយបារម្ភពីបញ្ហាឆ្លងកូវីដ-១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងស្ថានការណ៍បាន យ៉ាងល្អប្រសើរ។
ចំពោះផ្សារទួលទំពូង ជាផ្សារគោលដៅទេសចរណ៍សម្រាប់ជនបរទេស បច្ចុប្បន្ន ក៏ចាប់ផ្ដើមមានកំ ណើនជនបរទេសចូលកម្សាន្តរៀងរាល់ថ្ងៃផងដែរ។ ជាក់ស្ដែងគឺភ្ញៀវទេសចរបរទេស ក្នុងរង្វង់២០០ទៅ ៣០០នាក់ បានចូលផ្សារទួលទំពូងរៀងរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់ លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង។
វត្តមានជនបរទេសចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់នេះ គឺសំខាន់ផ្ដល់ភាពរីករាយដល់ អាជីវករ ដែលរង់ចាំវត្តមានភ្ញៀវទេសចរបរទេសអស់រយៈពេលប្រមាណ ២ឆ្នាំមកហើយ។ អាវជីករ ឈ្មោះ អ៊ុក ស៊ូស៊ូ ជាអ្នកលក់ខោអាវ នៅផ្សារទួលទំពូងមួយរូបលើកឡើងថា បច្ចុប្បន្នភ្ញៀវបរទេសគឺមានច្រើនក្នុងកំឡុងថ្ងៃចុងសប្ដាហ៍ ហើយការប្រកបអាជីវកម្មប្រចាំថ្ងៃ ក៏ចាប់ផ្ដើមមានភាពប្រសើរផងដែរ។
ពាក់ព័ន្ធនឹងស្ថានការណ៍កូវីដ-១៩នៅកម្ពុជា សព្វថ្ងៃ គឺមិនមានរកឃើញករណីឆ្លងជាង ១សប្ដាហ៍ហើយ ចាប់ផ្ដើមតាំងពីថ្ងៃទី៧ខែ ឧសភា មកម្លេះ។ ចំពោះការចាក់វ៉ាក់សាំងទូទាំងប្រទេសវិញ គឺសម្រេចបាន៩៣,៧៩% នៃប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី១៦ ខែឧសភា នេះ៕ អត្ថបទ៖ គឹមហុក