នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកកិច្ចប្រជុំត្រីភាគីជាលើកទី៤ ដើម្បីពិភាក្សាគ្នាកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
កិច្ចប្រជុំដ៏មានសារៈនៅព្រឹកនេះ មានការចូលរួមពីភាគីទាំងបី គឺតំណាងរាជរដ្ឋាភិបាល. ភាគីសហជីពតំណាងកម្មករនិយោជិត, និងភាគីនិយោជក ដោយបន្តលើកយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ មកជជែកដេញដោលយ៉ាងលម្អិត បន្ទាប់ពីកិច្ចប្រជុំលើកទី៣ មិនទាន់ស្វែងរកឃើញសំឡេងឯកភាពរួម។
ជុំវិញបញ្ហាការចរចាប្រាក់ឈ្នួលអប្បបរមារនេះ ភាគីរាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ កំពុងខិតខំសម្របសម្រួល ផ្តល់ការពន្យល់ និងអំណះអំណាងបច្ចេកទេសក្នុងគោលបំណងស្វែងរកចំណុចរួមមួយដែលអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
សូមជម្រាបថា គិតចាប់ពីដំណើការកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ តាំងពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ពេលនេះ កិច្ចប្រជុំកំពុងតែឈានចូលដល់ដំណាក់កាលហ្មត់ចត់បំផុត ដើម្បីឈានទៅសម្រេចបានតួលេខប្រាក់ឈ្នួលរួមមួយ ខណៈភាគីសហជីពតំណាងឱ្យកម្មករនិយោជិតនៅតែបន្តបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត។ ហើយបើមិនទួលបានលទ្ធផលរួមមួយក្នុងកិច្ចប្រជុំថ្ងៃនេះទេ ការកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧នឹងសម្រេចតាមរយៈការបោះឆ្នោតកំណត់តួលេខនៅថ្ងៃទី៣០ ខែកញ្ញានេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាត្រីភាគី លើកទី៣ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ តំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខកំណើន ១៥,៣ ដុល្លារ និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគីនិយោជក បានស្នើរក្សាតួលេខនៅដដែល គឺចំនួន ២១០ដុល្លារ ក្រោមហេតុផលថា កន្លងទៅនេះនិយោជកបានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើរដល់កម្មកររួចហើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី