ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ថ្លែងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នឹងត្រូវកម្រិតចំនួនអ្នកចូលរួម ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រាប់BTV Newsថា ក្នុងពេលបច្ចុ្បន្ននេះ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេស បានបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
ឯកឧត្តម ហង្ស ពុទ្ធា បន្តថា គ.ជ.ប បានចាប់ផ្តើមឈានដល់ដំណាក់កាលត្រៀមរៀបចំឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៧ គណបក្សនយោបាយ។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ផ្អែកដោយសារការឃោសនាបោះឆ្នោតឃុំ-សង្កាត់ស្ថិតក្នុងបរិបទកូវីដ១៩ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនឹងពិនិត្យទៅតាមការស្នើសុំមុន៣ថ្ងៃនៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីពិនិត្យទាំងពេលវេលា ទីតាំង និងចំនួនអ្នកចូលរួម សំដៅផ្សារភ្ជាប់សកម្មភាពឃោសនាបោះឆ្នោតនេះទៅជាមួយការរីករាលដាលជំងឺកូវីដ១៩។
បើតាមសេចក្តីណែនាំរបស់ គជប ស្ដីពី ការហែក្បួន ឃោសនា បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សនយោបាយ អាចហែរក្បួនឃោសនា ក្នុងឃុំសង្កាត់ ១ មិនលើសពី ២ដងឡើយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣មិថុនា។
ក្នុងនោះគណបក្សនយោបាយ អាចហែរក្បួនធំ ដោយឆ្លងឃុំសង្កាត់បានដែរ ប៉ុន្តែតែត្រូវជូនដំណឹងជាលាយលក្ខណ៍ឱ្យបានមុនយ៉ាងតិច៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។
ដោយឡែក ការចែកខិត្តប័ណ្ណនៅក្នុងផ្សារ គឺគណបក្សនយោបាយត្រូវដាក់លិខិតស្នើសុំទៅកាន់អ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់យ៉ាងតិចឱ្យបាន៣ថ្ងៃមុនធ្វើសកម្មភាពដូចគ្នា ដោយការធ្វើសកម្មភាពចែកខិត្តប័ណ្ណឃោសនាបោះឆ្នោតនៅក្នុងផ្សារត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ១០នាក់ ប៉ុណ្ណោះហើយមិនត្រូវចាក់ ឬប្រើមេក្រូឧបករណ៍បំពងសំឡេងឡើយ៕អត្ថបទ៖ សេក ឧត្តម
